(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃចន្ទនេះបាននិយាយថាយន្ដហោះចម្បាំង ៥៧គ្រឿង និងនាវាចម្បាំង៤គ្រឿងរបស់ចិន បាន និងកំពុងធ្វើប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីទីក្រុងប៉េកាំងទទួលស្គាល់ថាខ្លួនបានដឹកនាំការធ្វើសមយុទ្ធយោធាមួយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP​ នៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣។

បើតាមក្រសួងការពារជាតិតៃវ៉ាន់ នៅក្នុងចំណោមយន្ដហោះចម្បាំងចិន ៥៧គ្រឿងខាងលើ មាន២៨គ្រឿងបានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសតៃវ៉ាន់ ហើយក្នុងចំណោមយន្ដហោះចម្បាំង ២៨គ្រឿងនេះទៀតសោត មានយន្ដហោះចម្បាំងខ្លះថែមទាំងបានហោះឆ្លងកាត់ «ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់» ទៀតផង។ ក្រសួងការពារជាតិតៃវ៉ាន់បន្ថែមថា យន្ដហោះចម្បាំងចិនទាំងនេះរួមមានយន្ដហោះ Su-30 និង J-16 ខណៈយន្ដហោះទម្លាក់គ្រាប់បែក H-6 ២គ្រឿងបានហោះហើរ នៅតំបន់ភាគខាងត្បូងតៃវ៉ាន់។

គួរបញ្ជាក់ថា យោធាចិនបានឱ្យដឹងថាខ្លួនបានដឹកនាំការធ្វើសមយុទ្ធយោធាប្រយុទ្ធនៅជុំវិញកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ហើយនេះជាការធ្វើសមយុទ្ធ ប្រយុទ្ធជាលើកទី២ ក្នុងរយៈពេលមិនដល់មួយខែផង។ កាលពីចុងខែធ្នូ ឆ្នាំ២០២២ តៃវ៉ាន់បានអះអាងថាយន្ដហោះចម្បាំងចិនដល់ទៅ ៤៣គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់ កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ដែលជាតំបន់ទ្រនាប់ក្រៅផ្លូវការមួយដែលពុះចែករវាងតៃវ៉ាន់ និងចិន។

ចិនបានដឹកនាំការធ្វើសមយុទ្ធយោធាសឹងតែជាប្រចាំនៅក្បែរកោះតៃវ៉ាន់ នៅបន្ទាប់ពីអតីតប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បំពេញទស្សនកិច្ច មកកាន់កោះតៃវ៉ាន់ កាលពីខែសីហា ឆ្នាំ២០២២៕