(កៀវ)៖ រុស្ស៉ី និងអ៊ុយក្រែន បានដោះដូរឈ្លើយសឹកគ្នា ៥០នាក់ទៅវិញទៅមក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ នៅក្រោមកិច្ចព្រមព្រៀងមួយដែលភាគីទាំងសងខាង បានស្វាគមន៍ បើទោះជាកំពុងប្រយុទ្ធគ្នាកាន់តែខ្លាំងនៅក្នុងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថាទាហានរុស្ស៉ី៥០នាក់ បានធ្វើដំណើរត្រឡប់មកកាន់ទីក្រុងមូស្គូវិញ ដើម្បីទទួលការព្យាបាលវេជ្ជសាស្ត្រ និងផ្លូវចិត្ត។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «នៅក្រោមកិច្ចព្រមព្រៀងមួយនៅថ្ងៃទី៨ ខែមករានេះ ទាហានរុស្ស៉ី ៥០នាក់ត្រូវបាន ដោះលែងចេញពីទឹកដីដែលរបបដឹកនាំទីក្រុងកៀវកំពុងគ្រប់គ្រង»

គួរបញ្ជាក់ថា ខាងរដ្ឋាភិបាលអ៊ុយក្រែន បានទទួលស្គាល់ការអះអាងរបស់រុស្ស៉ី ហើយបានឱ្យដឹងថាទាហានអ៊ុយក្រែន ៥០នាក់ត្រូវបានដោះលែងផងដែរ នៅក្រោមកិច្ចព្រមព្រៀងដដែល៕