(បាងកក)៖ សេចក្តីប្រកាសព័ត៌មានរបស់ព្រះបរមរាជវាំង បានឱ្យដឹងថា ព្រះនាង Bajrakitiyabha របស់ប្រទេសថៃ បានសន្លប់បាត់បង់ស្មារតីអស់រយៈពេលជាង ៣សប្តាហ៍ហើយ បន្ទាប់ពីបានដួលដោយសារបញ្ហាបេះដូង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៨ ខែមករា ឆ្នាំ២០២៣។

ព្រះរាជបុត្រីច្បងរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានបាត់បង់ស្មារតីកាលពីថ្ងៃទី១៥ ខែធ្នូ ដោយសារជំងឺគាំងបេះដូងធ្ងន់ធ្ងរ ដែលបណ្តាលមកពីការរលាក បន្ទាប់ពីឆ្លងមេរោគ mycoplasma នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីព្រះរាជវាំងកាលពីល្ងាចថ្ងៃសៅរ៍ (៧ មករា)។

ព្រះបរមរាជវាំងបាននិយាយថា «ស្ថានភាពទូទៅរបស់ព្រះនាងគឺនៅតែសន្លប់បាត់បង់ស្មារតីនៅឡើយ»

របាយការណ៍បានបន្ថែមថា «ក្រុមគ្រូពេទ្យបន្តផ្តល់ថ្នាំ និងប្រើប្រាស់ឧបករណ៍ដើម្បីទ្រទ្រង់មុខងារបេះដូង សួត និងតម្រងនោម ព្រមទាំងប្រើថ្នាំអង់ទីប៊ីយោទិច ខណៈពេលដែលការតាមដានស្ថានភាពរបស់ព្រះនាងកំពុងប្រព្រឹត្តទៅយ៉ាងដិតដល់»

ព្រះនាង Pajarakitiyabha បានធ្លាក់ព្រះកាយឈឺ ខណៈកំពុងរៀបចំសត្វសនកសម្រាប់ការប្រកួតនៅខេត្ត Nakhon Ratchasima ភាគឦសានប្រទេស ជាកន្លែងដែលព្រះនាងត្រូវបានទទួលព្យាបាលដំបូង មុនពេលត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់ទីក្រុងបាងកក។

ព្រះនាងគឺជាព្រះរាជបុត្រីមួយអង្គក្នុងចំនោមបុត្រទាំងបីរបស់ស្តេច Vajiralongkorn ដែលមានងារជាផ្លូវការ ដែលធ្វើឲ្យព្រះនាងមានសិទ្ធិឡើងគ្រងរាជ្យក្រោមច្បាប់ស្នងរាជ្យ និងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែទោះជាយ៉ាងណា ព្រះមហាក្សត្រ​មិនទាន់​កំណត់អ្នក​ស្នង​ជា​ផ្លូវការនៅឡើយ​ទេ ហើយ​ក៏​មិន​ទាន់​មាន​ការពិភាក្សា​ជា​ផ្លូវការ​អំពី​លទ្ធភាព ​ដែល​ព្រះនាង​ឡើង​សោយរាជ្យ​ដែរ៕