(ប៉េកាំង)៖ ថ្ងៃទី២៦ ខែធ្នូ រដ្ឋាភិបាលចិនបានចេញផ្សាយសេចក្តីប្រកាស ដោយប្តូរឈ្មោះ «ជំងឺរលាកសួតកូវីដ១៩» ទៅជា «ជំងឺឆ្លងវីរុសកូវីដ១៩» ហើយបានប្រកាសថា ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ តទៅ យោងតាម «ច្បាប់ស្ដីពីការបង្កានិងការព្យាបាលជំងឺឆ្លង របស់សាធារណរដ្ឋប្រជាមានិតចិន» កែសម្រួលកម្រិតឆ្លងនៃវីរុសកូវីដ១៩ពី «ថ្នាក់ B និងគ្រប់គ្រងតាមថ្នាក់ A» ទៅជា «ថ្នាក់ B គ្រប់គ្រងតាមថ្នាក់ B»។ នៅពេលនោះ ប្រទេសចិននឹងលែងអនុវត្តវិធានការដាក់ ឱ្យនៅដាច់ដោយឡែកសម្រាប់អ្នកឆ្លងវីរុសកូវីដ១៩ លែងកំណត់ទំនាក់ទំនងជិតស្និទ្ធ លែងកំណត់តំបន់ហានិភ័យខ្ពស់និងទាប និងលែងអនុវត្តវិធានការគ្រប់គ្រងជំងឺឆ្លង សម្រាប់បុគ្គលិកនិងទំនិញដែលចូលដែនទៀតហើយ។

នេះគឺជាការកែលំអនិងកែសម្រួលបន្ថែមទៀត នៃយុទ្ធសាស្ត្របង្ការនិងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន គឺជាប្រតិបតិ្តឈរលើមូលដ្ឋានដូចជា បានវាយតម្លៃចម្រុះទៅលើបម្លែងថ្មីរបស់មេរោគ ស្ថានភាពជំងឺរាតត្បាត និងបទពិសោធន៍បង្ការនិងគ្រប់គ្រងជាដើម ហើយបានប្រកាន់ខ្ជាប់នូវការអនុវត្តជាក់ស្តែងដោយចំគោលដៅតាមបែបវិទ្យាសាស្រ្ត និងកែលំអការបង្ការជំងឺរាតត្បាត ក៏ដូចជាបានអនុវត្តតាមគោលការណ៍ដែលតម្កល់មនុស្សជាអាទិភាព និងតម្កល់ទុកអាយុជីវិតជាអាទិភាពដដែល។

នាពេលបច្ចុប្បន្ននេះ មជ្ឈដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រពិភពលោក សម្គាល់ឃើញជាទូទៅថា សមត្ថភាពចម្លងវីរុសកូវីដ១៩ បម្លែងថ្មីអូមីក្រុងត្រូវបានចុះខ្សោយ មានតែករណីមួយចំនួនតិច ដែលមានរោគសញ្ញារលាកសួតតែប៉ុណ្ណោះ។ ដូច្នេះ ការដែលប្រទេសចិនបានប្តូរឈ្មោះ «ជំងឺរលាកសួតកូវីដ១៩» ទៅជា «ជំងឺឆ្លងវីរុសកូវីដ១៩» គឺសមស្របនឹងលក្ខណៈជំងឺ និងផលប៉ះពាល់នាពេលបច្ចុប្បន្ន ការកែសម្រួលកម្រិតឆ្លងនៃវីរុសកូវីដ១៩ទៅជា «ថ្នាក់ B គ្រប់គ្រងតាមថ្នាក់ B» ក៏សមស្របនឹងស្ថានភាពបង្កាជំងឺរាតត្បាតនាពេលបច្ចុប្បន្នផងដែរ។

គួរឱ្យបញ្ជាក់ផងដែរថា កែសម្រួលទៅជា «ថ្នាក់ B គ្រប់គ្រងតាមថ្នាក់ B» វាមិនមែនមានន័យថាឈប់គ្រប់គ្រងទេ គឺប្តូរការងារសំខាន់ពី «ការការពារឆ្លងមេរោគ» ទៅជា «ការការពារសុខភាពនិងការបង្ការករណីឈឺធ្ងន់» ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត លើការអភិវឌ្ឍនៃសេដ្ឋកិច្ចនិងសង្គម ក្នុងកម្រិតខ្ពស់បំផុត។ រដ្ឋាភិបាលចិននឹងកែលំអបន្ថែមទៀត នូវការរៀបចំចាត់ចែងសម្រាប់ជនបរទេសដែលចូលដែនប្រទេសចិន ក្នុងគោលបំណងដូចជាធ្វើការនិងផលិតកម្មឡើងវិញ ធ្វើពាណិជ្ជកម្ម បន្តការសិក្សា និងជួបគ្រុមគ្រួសារជាដើម ព្រមនិងផ្តល់នូវភាពងាយស្រួលចំពោះទិដ្ឋាការ ក្រៅពីនេះយោងតាមស្ថានភាពជំងឺរាតត្បាតអន្តរជាតិ និងសមត្ថភាពធានាសេវាកម្មគ្រប់វិស័យ រៀបចំជាថ្មីឡើងវិញតាមរបៀបរៀបរយ នូវការធ្វើដំណើរទៅក្រៅប្រទេសរបស់ពលរដ្ឋចិន។

យោងតាមការអនុវត្តវិធានការ «១០ថ្មី» ការធ្វើដំណើរឆ្លងតំបន់របស់ប្រជាជនចិន បានរៀបចំជាថ្មីឡើងវិញដោយរលូន។ ភោជនីយដ្ឋាន និងរោងកុននៅក្នុងទីក្រុងធំៗ ដូចជាប៉េកាំងនិងសៀងហៃជាដើម ត្រូវបានបើកជាបន្តបន្ទាប់។ ពីខេត្ត Zhejiang និងខេត្ត Jiangsu នៅឆ្នេរសមុទ្រភាគខាងកើតរហូតដល់ខេត្ត Hunan ខេត្ត Sichuan នៅតំបន់កណ្តាលនិងភាគខាងលិច សហគ្រាសកំពុងមមាញឹកក្នុងការស្តារផលិតកម្មឡើងវិញ ហើយបានចាប់ផ្តើមការស្វែករកដៃគូ ពាណិជ្ជកម្មឆ្លងដែនឡើងវិញ... «ទិដ្ឋភាពក្នុងជីវភាពរស់នៅ» ដែលបានបាត់ជាយូរមកហើយ បាននិងកំពុងលេចចេញជាថ្មីឡើងវិញ។

អាចរំពឹងថា យោងតាមការអនុវត្តវិធានការបង្កាជំងឺរាតត្បាត របស់ប្រទេសចិនដែលមានភាពកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ប្រទេសចិននឹងមានលក្ខខណ្ឌ និងសមត្ថភាពក្នុងការឆ្លងកាត់យ៉ាងរលូន នូវដំណាក់កាលកែសម្រួលនិងផ្លាស់ប្តូរយុទ្ធសាស្ត្របង្ការ ជំងឺរាតត្បាតនាពេលបច្ចុប្បន្ន ក្នុងន័យការពារអាយុជីវិត និងសុខភាពរបស់ប្រជាជនក្នុងកម្រិតធំបំផុត ក៏ដូចជាជំរុញការស្តារឡើងវិញដោយល្បឿនលឿន នូវសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងសង្គមផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន