(ពិភពលោក)៖ ឆ្នាំ២០២២ គឺជាឆ្នាំនៃការប្រឈមធំរបស់ពិភពលោក ដោយសារការផ្ទុះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលជាពូជសាសន៍ចេញពីប្រភពតែមួយ ការប្រឈមមុខខ្លាំងដាក់គ្នារវាងចិនដីគោកនិងចិនតៃវ៉ាន់ ដែលជាពូជសាសន៍នៃប្រភពតែមួយ និងឆ្នាំ២០២២នេះទៀតក៏ជាឆ្នាំនៃការប្រឈមមុខ រវាងកូរ៉េខាងត្បូងនិងខាងជើង ដែលជាជាតិសាសន៍ចេញមកពីប្រភពតែមួយ ដូចគ្នាផងដែរ។ ហើយប្រទេសតែមួយដែលរងនឹងការចោទប្រកាន់ក្នុងការលូកដៃកកូរកាយ ជាតិសាសន៍ដែលបានឈ្លោះគ្នានោះ គឺសហរដ្ឋអាមេរិក។

ខណៈសង្គ្រាមជាតិសាសន៍នៃភាពជាបងប្អូន រវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្ត ជាមួយនឹងក្តីបារម្ភភាពតានតឹងប្រឈមមុខដាក់គ្នារវាងចិនដីគោកនិងចិនតៃវ៉ាន់ ការប្រឈមមុខរវាងកូរ៉េខាងត្បូង និងខាងជើងដែលជាជាតិសាសន៍ចេញមកពីប្រភពតែមួយដូចគ្នាដែរនោះ ក៏កំពុងតែស្ថិតក្នុងការចាប់អារម្មណ៍របស់ពិភពលោកផងដែរ។
ក្នុងឆ្នាំ២០២២នេះ ការប្រឈមមុខដាក់គ្នារវាងប្រទេសកូរេទាំង២ កាន់តែកើនឡើងខ្លាំង។ បើប្រៀបធៀបក្នុងឆ្នាំ២០២០ កូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៊ីលមានតែចំនួន៤គ្រាប់ទេ ប៉ុន្តែក្នុងឆ្នាំ២០២១ ការធ្វើតេស្តមីស៊ីលបានកើនឡើងទ្វេដង ក្នុងនោះរួមមានមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីKN-23 និងនៅក្នុងឆ្នាំ២០២២ កូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលជាង៩០គ្រាប់ រួមទាំងមីស៊ីល Cruise និងមីស៊ីលបាលីស្ទីករយៈចម្ងាយឆ្ងាយ ចម្ងាយមធ្យមនិងចម្ងាយខ្លី និងមានការបាញ់ច្រើនដល់២៣គ្រាប់ថែមទៀតក្នុងរយៈពេលតែមួយថ្ងៃ។

ការធ្វើតេស្តបាញ់មីស៊ីលនេះ បានបង្កក្តីព្រួយបារម្ភដល់ពិភពលោកជាពិសេសប្រទេសជិតខាងក្នុងតំបន់ ដោយសារតែមានមីស៊ីលរបស់កូរេខាងជើង បានបាញ់រំលងប្រទេសជប៉ុននោះថែមទៀត។ មិនត្រឹមតែការព្រួយបារម្ភនឹងការធ្វើតេស្តមីស៊ីលតែមួយមុខនោះឡើយ ការបង្ហាះដ្រូនចូលទឹកដីកូរ៉េខាងត្បូងនៅក្នុងសប្តាហ៍នេះ ក៏បង្កការព្រួយបារម្ភដល់កត្តាសន្តិសុខជាតិផងទៀត។ កាលពីថ្ងៃច័ន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ មានដ្រូនរបស់កូរេខាងជើងចំនួន៥គ្រឿង បានហោះចូលក្នុងទឹកដីកូរេខាងត្បូង និងក្នុងនោះដ្រូនមួយគ្រឿងបានហោះទៅក្បែររដ្ឋធានីសេអ៊ូលថែមទៀត ដោយគ្មានប្រព័ន្ធអាវុធការពារអាកាសរបស់កូរេខាងត្បូងណាមួយ បានធ្វើសកម្មភាពបាញ់ទម្លាក់ឡើយ។

សេចក្តីរាយការណ៍របស់អាជ្ញាធរក្រុងសេអ៊ូល បានឱ្យដឹងថា គេបានបាញ់ព្រមានជាច្រើនគ្រាប់ និងការបញ្ជួនយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រយុទ្ធ ដើម្បីរកការបាញ់ទម្លាក់ដ្រូនរបស់កូរេខាងជើងទាំងនោះដែរ ប៉ុន្តែក្នុងរយៈពេល៥ម៉ោងនៃការដេញតាមនោះ មិនមានសេចក្តីរាយការណ៍អំពីជោគជ័យបាញ់ទម្លាក់ឡើយ។ ដ្រូនទាំង៥គ្រឿងរបស់កូរ៉េខាង ជើងបានហោះវិលត្រឡប់ចូលក្នុងទឹកដីកូរ៉េខាងជើងវិញ ក្រោយការប្រមូលយកនូវទិដ្ឋភាព និងព័ត៌មាននានាតាមដ្រូនស៊ើបការណ៍ទាំងឡាយនោះ។ សេចក្តីរាយការណ៍បញ្ជាក់ថាកូរ៉េខាងត្បូងបានបាញ់ប្រមាណ១០០គ្រាប់ សំដៅលើដ្រូនស៊ើបការណ៍ទាំងនោះ ប៉ុន្តែមិនបានទទួលជោគជ័យនោះឡើយ។
ក្នុងហេតុការណ៍ដែលមានដ្រូនរបស់កូរេខាងជើង បានធ្វើការលួចបើកចូលក្នុងដែនអាកាសនោះ យន្តហោះដឹកអ្នកដំណើរជាច្រើនត្រូវបានគេបញ្ជាឱ្យផ្អាកការហោះហើរ ជាពិសេសក្នុងព្រលានយន្តហោះអ៊ិនឆន Incheon និង Kimbo ដែលក្នុងរយៈពេល៥០នាទីមិនអាចឱ្យធ្វើការហោះហើរនោះឡើយ យោងតាមសំណើរបស់ក្រសួងការពារជាតិ។

ប្រធានាធិបតីកូរេខាងត្បូង លោក យូន សុកយុល បានថ្លែងថា ហេតុការណ៍ដែលមានដ្រូនរបស់កូរ៉េខាងជើង អាចហោះហើរតាមចិត្តក្នុងដែនអាកាសកូរេខាងត្បូងនេះ គឺជាការបង្ហាញនូវចំណុចខ្វះខាតយ៉ាងក្រៃលែងរបស់កូរេខាងត្បូង។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់ថា ដ្រូនតូចៗរបស់កូរេខាងជើង គឺជាការបង្កនូវគ្រោះគំរាមកំហែងដែលខាងក្រសួងការពារជាតិកូរ៉េខាងត្បូង ពិបាកក្នុងការស្វែងរក និងតាមស្ទាក់ចាប់ដ្រូនធ្វើចារកម្មទាំងនេះ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានស្នើរកការបំពាក់ឧបករណ៍ទំនើប ដើម្បីងាយស្រួលតាមចាប់និងបាញ់ទម្លាក់ដ្រូនតូចៗទាំងនេះ។ ក្រសួងការពារជាតិកូរ៉េខាងត្បូង ជាមួយនឹងបទពិសោធន៍នេះបានថ្លែងប្តេជ្ញា បង្កើនប្រព័ន្ធការពារអាកាសនិងបង្កើតអង្គភាពដ្រូនពិសេសថែមទៀត។ សេចក្តីរាយការណ៍បង្ហាញទៀតថា នៅមួយថ្ងៃក្រោយមានដ្រូនរបស់កូរ៉េខាងជើង បានចូលលុកលុយក្នុងដែនអាកាសរបស់ខ្លួន កូរ៉េខាងត្បូងបានបញ្ជួនដ្រូនរបស់ខ្លួនឆ្លងកាត់ព្រំដែន ចូលក្នុងទឹកដីកូរ៉េខាងជើងវិញ។ មិនមានសេចក្តីរាយការណ៍ពីកូរ៉េខាងជើង ជុំវិញដ្រូនរបស់កូរ៉េខាងត្បូងនេះឡើយ។

សេចក្តីរាយការណ៍បានបង្ហាញថា នៅជាមួយគ្នានេះផងដែរ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុនអ៊ុន បានបើកកិច្ចប្រជុំនយោបាយសំខាន់មួយ ដោយលើកឡើងអំពីអំណាចនយោបាយ សេដ្ឋកិច្ចយោធាគ្រប់វិស័យរបស់កូរេខាងជើង។ មិនមានសេចក្តីរាយកាណ៍បញ្ជាក់ជុំវិញបំណងរបស់កូរ៉េខាងជើង ដែលបានបញ្ជួនដ្រូនស៊ើបការណ៍៥គ្រឿង ហោះចូលទឹកដីកូរ៉េខាងត្បូង និងបានប្រមូលព័ត៌មានសម្ងាត់នានានោះឡើយ ប៉ុន្តែការបង្ហោះដ្រូនទាំង៥នេះ គឺនៅទន្ទឹមនឹងព័ត៌មានចារកម្មដែលនិយាយថា កូរ៉េខាងជើងចង់ធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរដ៏ធំរបស់ខ្លួន នាពេលខាងមុខនេះ។ កូរ៉េខាងជើង បើទោះបីជាមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងណាក៏ដោយពីពិភពលោក រដ្ឋាភិបាលក្រុងព្យុងយ៉ាងនៅតែមានលទ្ធភាពបង្កើតអាវុធ និងបង្កើនសមត្ថភាពយោធារបស់ខ្លួនបានជាដដែល និងថែមទាំងបង្ហាញនូវឧត្តមភាពយោធាប្រល័យលោករបស់ខ្លួនថែមទៀត។

លោក គីម ជុងអ៊ុន បានបញ្ជាក់រួចមកហើយថា លោកនឹងបង្កើតកងកម្លាំងនុយក្លេអ៊ែរដ៏ខ្លាំងបំផុតមួយក្នុងសកលលោក និងថែមទាំងបានប្រកាសទៀតក្នុងឆ្នាំ២០២២នេះថា កូរ៉េខាងជើង គឺជាប្រទេសនៃមហាអំណាចនុយក្លេអ៊ែរ ដែលគេមិនអាចកែប្រែបានឡើយ។ មេដឹកនាំកូរ៉េខាង ជើងកាលពីដើមឆ្នាំ២០២២ ថែមទាំងបានប្រកាសថាកងកម្លាំងនុយក្លេអ៊ែរកូរ៉េខាងជើង ក៏បានត្រៀមរៀបចំធ្វើសង្គ្រាមជាមួយនឹងប្រទេសមហាអំណាចចង់ឈ្លានពានកូរ៉េខាងជើងផងទៀត។ ការបង្ហោះដ្រូនស៊ើបការណ៍ទាំង៥របស់កូរ៉េខាងជើង កាលពីថ្ងៃច័ន្ទ គឺជាលើកដំបូងហើយក្នុងរយៈពេល៥ឆ្នាំមកនេះ ដែលមានដ្រូនរបស់កូរ៉េខាងជើងបានហោះចូលស៊ើបការណ៍តាមចិត្ត លើដែនអាកាសរបស់កូរ៉េខាងត្បូង។

*ប្រវត្តិដើមនៃកូរេទាំង២

នៅពេលដែលរបបអធិរាជជប៉ុន បានចាញ់ក្នុងសង្គ្រាមលោកលើកទី២ ប្រទេសកូរ៉េទាំង២ បានធ្លាក់ខ្លួនជាប្រទេសរងគ្រោះចំពោះសង្គ្រាមត្រជាក់។ កូរ៉េទាំង២ បានបែកបាក់គ្នាក្រោមខ្សែស្របអឌ្ឍគោល៣៨។ ក្នុងឆ្នាំ១៩៥០ កូរ៉េខាងជើងបានចូលឈ្លានពានកូរ៉េខាងត្បូង ក្នុងបំណងចង់បង្រួបបង្រួមកូរ៉េខាងត្បូង។ សង្គ្រាមកូរេពេលនោះបានកើតឡើង ពីឆ្នាំ១៩៥០ ដល់១៩៥៣។ ទោះមានសង្គ្រាមនោះក្តី ប្រទេសទាំង២ មិនអាចរួមគ្នាបានឡើយ។ ប្រទេសទាំង២បានបញ្ចប់សង្គ្រាម ដោយកិច្ចព្រមព្រៀងមួយគឺកិច្ចព្រមព្រៀង Korean armistice Agreement ដែលមិនមែនជាសន្ធិសញ្ញាអ្វីនោះឡើយ ដូច្នេះហើយប្រទេសកូរ៉េទាំង២ ត្រូវគេចាត់ទុកថាជាប្រទេសដែលមិនទាន់បានបញ្ចប់សង្គ្រាម រវាងគ្នាទាំងស្រុងផ្អែកតាមសន្ធិសញ្ញា សន្តិភាពណាមួយនោះឡើយ។ ក្រោយសង្គ្រាមបញ្ចប់ដោយកិច្ចព្រមព្រៀងនោះ កូរ៉េខាងជើង បានងាកទៅអតីតសហភាពសូវៀត ចំណែកកូរ៉េខាងត្បូងបានងាកទៅសហរដ្ឋអាមេរិក។
ក្រោយមកទៀតនៅក្នុងខែមេសាឆ្នាំ២០១៨ មេដឹកនាំកូរ៉េទាំង២បាន ចុះហត្ថលេខាមួយទៀតលើសេចក្តីប្រកាសសន្តិភាពប៉ាន់មុនជុំ (Panmunjom Declaration for Peace, Prosperity and unification) ។

*មហិច្ឆិតាចង់ធ្វើអាវុធ Nuclear

កូរ៉េខាងជើង បានបង្ហាញបំណងចង់បង្កើតអាវុធនុយក្លេអ៊ែរតាំងពីទសវត្ស ១៩៥០។ ក្នុងឆ្នាំ១៩៦៣ កូរ៉េខាងជើង បានសុំអោយអតីតសហភាពសូវៀត ជួយអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ប៉ុន្តែអតីតសហភាពសូវៀត បានបដិសេធ។ សហភាពសូវៀតនាពេលនោះ គ្រាន់តែយល់ព្រមជួយអភិវឌ្ឍន៍កូរ៉េខាងជើង នូវកម្មវិធីឋាមពលនុយក្លេអ៊ែរក្នុងរបៀបដំណើរការប្រើប្រាស់ សន្តិភាពដែលមិនមែនជាការផលិតអាវុធនោះទេ ប៉ុន្តែសហភាពសូវៀត នៅបានជួយបង្វឹកក្រុមអ្នកវិទ្យាសាស្ត្រកូរ៉េខាងជើង អំពីឋាមពលនុយក្លេអ៊ែរផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងនាពេលនេះ ចង់ឬមិនចង់ ត្រូវបានគេចាត់ទុកថាជាប្រទេសមួយនៃមហាអំណាចនុយក្លេអ៊ែរដែរហើយ បើទោះបីជាមិនផ្លូវការក៏ដោយ។

ការបង្ហោះដ្រូនស៊ើបការណ៍ទាំង៥ របស់កូរ៉េខាងជើង កាលពីថ្ងៃច័ន្ទ ទី២៦ ខែធ្នូ បានទន្ទឹមនឹងការចោទប្រកាន់នានាដាក់លើសហរដ្ឋអាមេរិកថា ជាប្រទេសព្យាយាមបំបែកជាតិសាសន៍រុស្ស៊ីពីអ៊ុយក្រែន បំបែកចិនដីគោកនិងចិនតៃវ៉ាន់ និងការព្យាយាមបំបែកកូរ៉េទាំង២ មិនឲ្យរួមគ្នាបានទៀត។ ឆ្នាំ២០២២ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលជាជាតិសាសន៍ចេញពីប្រភពតែមួយ នឹងមិនអាចផ្សះផ្សាបញ្ចប់បានឡើយ។ ឆ្នាំ២០២៣ ជិតមកដល់នេះ ការប្រឈមមុខ រវាងចិនដីគោក និងចិនតៃវ៉ាន់ និងការប្រឈមមុខគ្នារវាងប្រទេសកូរ៉េទាំង២ ដែលជាជាតិសាសន៍ចេញពីប្រភពតែមួយ ក៏ជាក្តីបារម្ភខ្លាចនឹងមានការផ្ទុះឡើងជាសង្គ្រាមថ្មី បង្កអស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ថែមទៀត៕