(កៀវ)៖ យោធាអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានបាញ់រ៉ុក្កែតចំនួន៣៣គ្រាប់ ទៅកាន់គោលដៅស៊ីវិលនៅក្នុងទីក្រុងខឺសុន (Kherson) របស់អ៊ុយក្រែន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ រហូតដល់ព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់) ខណៈការប្រយុទ្ធគ្នាគឺកាន់តែខ្លាំងឡើង ដោយរុស្ស៉ីបានដាក់ពង្រាយរថក្រោះ និងរថពាសដែកបន្ថែមទៀតនៅតំបន់ជួរមុខ។ នេះបើយោងតាមការដកស្រង់សផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា កងកម្លាំងរុស្ស៊ីកំពុងវាយប្រហារតំបន់ ដែលមានប្រជាជនស៉ីវិល នៅច្រាំងខាងស្តាំនៃទន្លេឌីនីប្រូ (Dnipro) ក្បែរទីក្រុងខឺសុន (Kherson) ដោយកាំភ្លើងត្បាល់ និងកាំភ្លើងធំ។

អ្នកវិភាគយោធាអ៊ុយក្រែនលោក អូឡេហ៍ ហ្សឹដាណូវ (Oleh Zhdanov) បានគូសបញ្ជាក់ថា «មានការវិវត្តន៍តិចតួចណាស់នៅក្នុងសមរភូមិជួរមុខ ប៉ុន្តែសម្ពាធពីសត្រូវមានកាន់តែខ្លាំង ទាំងចំនួនទាហាន និងបរិមាណនៃឧបករណ៍»

ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតគឺនៅជុំវិញទីក្រុងបាកមុដ (Bakhmut) ភាគខាងកើត ជាទីដែលរុស្ស៊ីបានព្យាយាមអស់ជាច្រើនខែ ដើម្បីវាយលុក។ រីឯនៅភាគខាងជើង ទីក្រុងស្វាតូវ (Svatove) និងទីក្រុងក្រេមីណា (Kreminna) ជាកន្លែងដែលកងកម្លាំងអ៊ុយក្រែន កំពុងព្យាយាមបំបែកខ្សែការពាររុស្ស៊ី។

គួរបញ្ជាក់ថា ជារឿយៗ រុស្ស៊ី​បដិសេធ​ការ​កំណត់​គោលដៅលើ​ជន​ស៊ីវិល។ បើតាមអ្នកស្រុក ផ្ទះឬអគារលំនៅដ្ឋានរបស់ប្រជាជន ៧០,០០០នាក់មុនសង្រ្គាម នៅទីក្រុងបាកមុដ ឥឡូវនេះត្រូវបានបំផ្លាញមួយផ្នែកធំ៕