(ម៉ានីល)៖ ក្រុមជួយសង្គ្រោះនៅទូទាំងខេត្តចំនួន៩ ក្នុងប្រទេសហ្វីលីពីននៅថ្ងៃនេះពុធ កំពុងព្យាយាមស្វែងរកមនុស្សចំនួន ២៦នាក់ដែលបាត់ខ្លួនបន្ទាប់ពីភ្លៀងកាលពីចុងសប្តាហ៍ បង្កជាទឹកជំនន់ និងការរអិលបាក់ដី ដែលជាគ្រោះមហន្តរាយផ្នែកអាកាសធាតុដ៏សាហាវបំផុតមួយ សម្រាប់ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២។

ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បានឲ្យដឹងនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់មកទល់ពេលនេះបានកើនឡើងដល់ ២៥នាក់ហើយ ភាគច្រើនគឺដោយសារលង់ទឹកជំនន់ភ្លាមៗ។ លោក ឌីហ្គោ អូស្ទីន ម៉ារីអាណូ (Diego Agustin Mariano) ភ្នាក់ងារគ្រោះមហន្តរាយបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ យ៉ាងដូច្នេះថា «ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ដឹកនាំដោយឆ្មាំសមុទ្រនៅតែបន្ត ខណៈដែលអ្នកនេសាទភាគច្រើនកំពុងបាត់ខ្លួន»

បើតាមទីភ្នាក់ងារជាតិគ្រោះមហន្តរាយ មានតំបន់លិចទឹកជាង ៣០០កន្លែង និងការរអិលបាក់ដីដែលបណ្ដាលមកពីភ្លៀងធ្លាក់ចំនួន ២០លើក ដែលបានបង្ខំឲ្យមនុស្សជាង ៨០,០០០នាក់ ត្រូវជ្រកកោននៅក្នុងមជ្ឈមណ្ឌលជម្លៀស។ រហូតមកដល់ពេលនេះ ទឹកជំនន់ភាគច្រើនបានស្រកចុះ ប៉ុន្តែទីភ្នាក់ងារអាកាសធាតុរបស់រដ្ឋ បានព្យាករណ៍ថា ភ្លៀងធ្លាក់ពីតិចទៅមធ្យមម្តងម្កាលនឹងនៅតែបន្ត នៅតំបន់កណ្តាល និងភាគខាងត្បូង រហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

គួរបញ្ជាក់ថា ទឹកជំនន់និងការបាក់ដី ដែលបណ្ដាលមកពីភ្លៀងលើកនេះ គឺមិនដូចគ្រោះមហន្តរាយពីមុនៗឡើយ ក្នុងប្រទេសហ្វីលីពីន ដែលជាធម្មតាបង្កឡើងដោយព្យុះទីហ្វុង និងព្យុះត្រូពិចប្រហែល២០ ក្នុងមួយឆ្នាំ៕