(បរទេស)៖ ក្នុងឆ្នាំ២០២២នេះ មានហេតុការណ៍ធ្លាក់យន្តហោះសំខាន់ៗចំនួន៤ ដោយក្នុងចំណោមនោះ​ ហេតុការណ៍ដែលរន្ធត់ខ្លាំងជាងគេ គឺការធ្លាក់យន្តហោះដឹកមនុស្សជាង១០០នាក់ នៅឯប្រទេសចិន កាលពីខែមីនា។

៤. កាលពីថ្ងៃទី១១ ខែកក្កដា យន្តហោះធុន Antonov AN-12BK របស់ក្រុមហ៊ុនអាកាសចរណ៍ដឹកជញ្ជូនទំនិញ Meridian ដែលមានមូលដ្ឋាន​នៅប្រទេសអ៊ុយក្រែន បានធ្លាក់នៅទីក្រុងកាវ៉ាឡា (Kavala) ក្នុងប្រទេសក្រិក ពេលព្យាយាមធ្វើការចុះចតបន្ទាន់ នៅអាកាសយានដ្ឋានអន្តរជាតិកាវ៉ាឡា។ មនុស្ស៨នាក់ដែលធ្វើដំណើរលើនោះ បានបាត់បង់ជីវិតទាំងអស់។

៣. កាលពីថ្ងៃទី៦ ខែវិច្ឆិកា យន្តហោះមួយគ្រឿងធុន ATR 42-500 ផ្ទុកមនុស្ស៤៣នាក់ ដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Precision Air បានធ្លាក់ទៅក្នុងបឹងវិចតូរៀក្នុងប្រទេសតង់សានី ពេលព្យាយាមចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងប៊ូកូបា កំលុងស្ថានភាពអាកាសធាតុមិនល្អ និងមានការចុះអ័ព្ទខ្លាំង។ មនុស្ស១៩នាក់បានស្លាប់​ រួមទាំងពីឡុតយន្តហោះទាំង២នាក់ផងដែរ។

២. កាលពីថ្ងៃទី២៩ ខែឧសភា យន្តហោះធុន DHC-6 Twin Otter 300 របស់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ Tara Air ដែលមានផ្ទុកមនុស្ស ២២នាក់ ក្នុងនោះអ្នកដំណើរ១៩នាក់ និងសហសេវិកយន្តហោះ៣នាក់ បានធ្លាក់នៅតំបន់ភ្នំ កំលុងជើងហោះហើរក្នុងស្រុកពីទីក្រុងប៉ូខារ៉ា (Pokhara) ឆ្ពោះទៅកាន់ទីក្រុងចូមសូម (Jomsom)។ ហេតុការណ៍នោះ បានផ្តាច់ជីវិតមនុស្សទាំង២២នាក់។

១. កាលពីថ្ងៃទី២១ ខែមីនា ហេតុការណ៍ធ្លាក់យន្តហោះដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង នៅពេលយន្តហោះជើងហោះហើរ Flight 5735 ប្រភេទ Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានធ្លាក់នៅតំបន់ភ្នំនៃភាគខាងកើតតំបន់ស្វយ័តក្វាងស៉ី កំលុងពេលធ្វើដំណើរពីទីក្រុងគួនមីង (Kunming) នៃខេត្តយួនណាន (Yunnan) ឆ្ពោះទៅកាន់ទីក្រុងក្វាងចូវ (Quangzhou) នៃខេត្តក្វាងទុង (Guangdong) ប្រទេសចិន។ មនុស្សទាំង១៣២នាក់នៅលើយន្តហោះ ដែលរួមមានអ្នកដំណើរ១២៣នាក់ និងក្រុមសហសេវិកយន្តហោះ ៩នាក់ បានស្លាប់ទាំងអស់។

គួរបញ្ជាក់ថា​ ហេតុការណ៍ធ្លាក់យន្តហោះ China Eastern Airlines ខាងលើ ជាករណីធ្លាក់យន្តហោះស្លាប់មនុស្សច្រើនបំផុតទី៣ ក្នុងប្រទេសចិន បន្ទាប់ពីករណីជើងហោះហើរ Flight 3943 របស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ដែលផ្តាច់ជីវិតមនុស្ស១៤១នាក់ កាលពីឆ្នាំ១៩៩២ និងករណីជើងហោះហើរ Flight 2303 របស់ក្រុមហ៊ុនអាកាសចរណ៍ China Northwest Airlines ដែលផ្តាច់ជីវិតមនុស្ស ១៦០នាក់ កាលពីឆ្នាំ១៩៩៤៕