(បរទេស)៖ ក្នុងឆ្នាំ២០២២នេះ ខ្យល់ព្យុះដែលមានកម្លាំងបោកបក់ខ្លាំងជាងគេបំផុត គឺព្យុះទីហ្វុងឈ្មោះ ណានម៉ាដុល (Nanmadol) ដែលបានវាយប្រហារលើប្រទេសជប៉ុន កាលពីខែកញ្ញា ប៉ុន្តែវាបានផ្តាច់ជីវិតមនុស្សត្រឹម៤នាក់ប៉ុណ្ណោះ។ ដូច្នេះតើខ្យល់ព្យុះមួយណាវិញ ដែលបានបង្កឱ្យមានមនុស្សស្លាប់ច្រើនជាងគេ នៅក្នុងឆ្នាំនេះ?

៧. មនុស្សសរុប៧២នាក់ បានបាត់បង់ជីវិត កាលពីខែមីនា បន្ទាប់ពីព្យុះស៉ីក្លូនឈ្មោះ ហ្គោមបេ (Gombe) បានវាយប្រហារ​លើប្រទេសចំនួន៣ នៅតំបន់អាហ្រ្វិករួមមាន ម៉ាដាហ្កាស្កា ម៉ូសំប៊ិក និងម៉ាឡាវី។

៦. មនុស្សចំនួន៩១នាក់បានស្លាប់ ក្រោយព្យុះហឺរីខិន ជូលៀ (Julia) បានបោកបក់កាត់តំបន់អាមេរិកកណ្តាល កាលពីខែតុលា។

៥. ព្យុះស៉ីក្លូនឈ្មោះថា បាតស៉ីរ៉ៃ (Batsirai) បានផ្តាច់ជីវិតមនុស្សសរុប១២៣នាក់ នៅប្រទេសម៉ាដាហ្កាស្កា និងម៉ូរីស (Mauritius) កាលពីខែកុម្ភៈ។

៤. ព្យុះស៉ីក្លូនមួយផ្សេងទៀតឈ្មោះ អាណា (Ana) ដែលបានបោកបក់កាត់ប្រទេសម៉ាដាហ្កាស្កា ម៉ូសំប៊ិក អាហ្រ្វិកខាងត្បូង ម៉ាឡាវី សំប៊ី និងស៉ីមបាវ៉េ កាលពីខែមករា បណ្តាលឱ្យមនុស្សសរុប១៤២នាក់ស្លាប់។

៣. កាលពីខែកញ្ញា ព្យុះហឺរីខិន អ៉ីយ៉ាន (Ian) បានផ្តាច់ជីវិតមនុស្សយ៉ាងតិច១៥៧នាក់ ហើយបង្កការខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ មានទំហំច្រើនជាងគេបំផុតក្នុងឆ្នាំ២០២២នេះ គឺប្រហែលជាង៥០ពាន់លានដុល្លារ។ កំលុងការវាយប្រហារនៃព្យុះហឺរីខិនមួយនេះ គឺរដ្ឋផ្លូរីដា របស់សហរដ្ឋអាមេរិក បានរងគ្រោះខ្លាំងក្លាជាងគេ ដោយមានមនុស្សស្លាប់ចំនួន១៤៦នាក់ ខណៈនៅរដ្ឋការ៉ូលីណាខាងជើង មានអ្នកស្លាប់ ៤នាក់ និងរដ្ឋវើជីនៀ មានអ្នកស្លាប់ម្នាក់។ រីឯប្រទេសគុយបា ក៏បានរងការប៉ះពាល់ខ្លាំង​គួរសម និងមានមនុស្ស៥នាក់ស្លាប់ផងដែរ។ ក្រៅពីនេះ ក៏មានមនុស្ស១៦នាក់ បាត់ខ្លួនថែមទៀតផង។

២. នៅពេលព្យុះទីហ្វុងឈ្មោះ ណាល់ហ្គែ (Nalgae) បានវាយប្រហារលើប្រទេសហ្វីលីពីន កាលពីចុងខែតុលា មនុស្សសរុបប្រហែល១៦០នាក់ បានបាត់បង់ជីវិត ខណៈជាង៣០នាក់ផ្សេងទៀត បាត់ខ្លួនរកមិនឃើញ។

១. ខ្យល់ព្យុះដែលសម្លាប់មនុស្សច្រើនជាងគេក្នុងឆ្នាំនេះ គឺព្យុះទីហ្វុង មេហ្គី (Megi) ដែលបានវាយប្រហារហ្វីលីពីន កាលពីខែមេសា។ មានមនុស្សសរុប២១៤នាក់ បានបាត់បង់ជីវិត ដោយសារព្យុះទីហ្វុងកំណាចនោះ ដោយមិនរាប់បញ្ចូលមនុស្ស១៣២នាក់ ដែលបាត់ខ្លួនឡើយ៕