(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងការបរទេសអាមេរិក បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថាមានទស្សនៈផ្ទុយគ្នា ជុំវិញថាតើរុស្ស៉ីអាចនឹង បើកប្រតិបត្តិការវាយលុកសាជាថ្មី នៅក្នុងប្រទេសអ៊ុយក្រែនដែរ ឬក៏យ៉ាងណា ខណៈទីក្រុងកៀវព្រមានថាទីក្រុងមូស្គូអាចនឹងបើកការវាយលុកជាថ្មីចេញពី ទឹកដីបេឡារុស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯទីក្រុងវ៉ាស៊ីនតោន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះមន្ត្រីជាន់ខ្ពស់មកពីក្រសួងការបរទេសអាមេរិកខាងលើ បានសង្កត់ធ្ងន់ ដូច្នេះថា «ជាការពិតណាស់ មានមនុស្សមួយចំនួន ទាំងនៅក្នុងប្រទេសរុស្ស៉ីផងនោះដែលខ្ញុំគិតថាចង់ឱ្យមានប្រតិបត្តិការវាយលុកសាជាថ្មីនៅអ៊ុយក្រែន... រីឯអ្នកខ្លះទៀតនៅតែបន្តចោទសួរពីសមត្ថភាពបច្ចុប្បន្នរបស់រុស្ស៉ី ក្នុងការបើកប្រតិបត្តិការវាយលុក»

មន្ត្រីអាមេរិករូបនេះបានបន្តទៀតថារុស្ស៉ីបាន និងកំពុងប្រឈមមុខនឹងការខ្វះខាតគ្រាប់រំសេវ ហើយកងទ័ពដែលត្រូវបានកែនក៏មិនទាន់មានសមត្ថភាព គ្រប់គ្រាន់ក្នុងការប្រយុទ្ធនោះដែរ។ តែទោះជាបែបនេះក្ដី មន្ត្រីរូបនេះដដែលបានបញ្ជាក់ឡើងវិញថាសហរដ្ឋអាមេរិកនឹងបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែន មិនថាទោះជាស្ថិតនៅក្នុងសេណារីយ៉ូអាក្រក់បែបណាក៏ដោយ៕