(ប៉េកាំង)៖ សនិ្នសីទអំពីការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលប្រារព្ធឡើង ក្នុងមួយឆ្នាំម្តងបានធ្វើឡើងនៅក្រុងប៉េកាំងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែធ្នូ។ សន្និសីទបានបូកសរុបនូវការងារសេដ្ឋកិច្ចប្រចាំឆ្នាំ២០២២ ធ្វើការវិភាគចំពោះស្ថានការណ៍សេដ្ឋកិច្ចបច្ចុប្បន្ន និងរៀបចំចាត់ចែងការងារសេដ្ឋកិច្ចនៅឆ្នាំ២០២៣។

សន្និសីទនេះបានសង្កត់ធ្ងន់ថា «ឆ្នាំក្រោយប្រទេសចិនត្រូវប្រកាន់ខ្ជាប់នូវការ តម្កល់ទុកភាពនឹងនរជាចម្បង ហើយស្វែងរកការអភិវឌ្ឍដោយឈរលើមូលដ្ឋាននៃភាពនឹងនរ ជំរុញដំណើរការសេដ្ឋកិច្ចឱ្យមានភាពល្អប្រសើរឡើងវិញទាំងមូល សម្រេចបាននូវការលើកស្ទួយប្រកបដោយប្រសិទ្ធភាព នៃគុណភាពនិងកំណើនដោយសមហេតុផលនៃបរិមាណ ក៏ដូចជាមានការចាប់ផ្តើមដ៏ល្អក្នុងកិច្ចកសាង ប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ»។ បទបង្ហាញទាំងនេះបានផ្តល់ការណែនាំច្បាស់លាស់ សម្រាប់ការងារសេដ្ឋកិច្ចនៅឆ្នាំក្រោយ ហើយក៏ជាដំណឹងល្អសម្រាប់ពិភពលោកផងដែរ។

ការសិក្សាស្រាវជ្រាវទាំងជាតិនិងអន្តរជាតិជាច្រើនបានបង្ហាញឱ្យឃើញថា ដោយសាររងឥទ្ធិពលពីកត្តាជាច្រើន កំណើនសេដ្ឋកិច្ចសកលបានបង្អង់ល្បឿន យ៉ាងលេចធ្លោនៅឆ្នាំ ២០២២ ហើយសេដ្ឋកិច្ចសកលនឹងបន្តមានភាពថមថយចុះនៅឆ្នាំ ២០២៣។ ក្នុងបរិបទបែបនេះ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក ការរក្សាដំណើរការដោយនឹងនរនៃសេដ្ឋកិច្ចចិន វាមានសារសំខាន់ណាស់។

ប្រព័ន្ធសារព័ត៌មានបរទេសបានសង្កេតឃើញថា សន្និសីទលើកនេះបានបញ្ជាក់ថា ត្រូវផ្តោតសំខាន់ទៅលើការពង្រីកតម្រូវការក្នុងស្រុក ត្រូវតម្កល់ទុកការស្តារឡើងវិញនិងពង្រីកការប្រើប្រាស់ជាអាទិភាព។ កាលពីប៉ុន្មានថ្ងៃមុន ប្រទេសចិនបានដាក់ចេញ «ផែនការយុទ្ធសាស្រ្តស្តីពីការពង្រីក តម្រូវការក្នុងស្រុក(២០២២-២០៣៥)»។ បច្ចុប្បន្ននេះ ចំនួនប្រជាជនចិនបានលើសពី ១ ពាន់ ៤ រយលាននាក់ ផលិតផលក្នុងស្រុកសរុប គឺ GDP គិតជាមធ្យមក្នុងមនុស្សម្នាក់ៗ នៃប្រទេសចិនបានលើសពី១២០០០ដុល្លារអាមេរិក ហើយអនុបាតនៃការចំណាយចុងក្រោយរបស់ប្រជាជនចិនក្នុង GDP បានលើសពី ៥០ ភាគរយក្នុងរយៈពេល ១១ ឆ្នាំជាប់ៗគ្នា គឺជាទីផ្សារចំណាយដែលមានសក្តានុពលបំផុតនៅទូទាំងពិភពលោក។

ការពង្រីកតម្រូវការក្នុងស្រុករបស់ប្រទេសចិនមុខជា នឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់ឱ្យសហគ្រាស នៃបណ្តាប្រទេសនានាចូលក្នុងទីផ្សារចិនដ៏ធំធេង ក៏ដូចជាធ្វើឱ្យ «ទីផ្សារចិនក្លាយទៅជាទីផ្សារសកល ទីផ្សារអាចចែករំលែកបាននិងទីផ្សាររបស់អ្នកទាំងអស់គ្នា» ថែមមួយកម្រិតទៀត។ «ភាពបើកទូលាយ» គឺជាពត៌មានច្បាស់លាស់មួយទៀត ដែលសន្និសីទលើកនេះបញ្ជូនទៅកាន់ពិភពលោក។

សន្និសីទលើកនេះបានសង្កត់ធ្ងន់ថា ត្រូវប្រកាន់ខ្ជាប់ការជំរុញការបើកទូលាយ ប្រកបដោយកម្រិតខ្ពស់ចំពោះបរទេស ពង្រីកដោយនឹងនរនូវការបើកទូលាយជាប្រព័ន្ធខាងវិស័យក្បួនច្បាប់ បទប្បញ្ញត្តិ ការគ្រប់គ្រងនិងស្តង់ដាជាដើម ហើយបានលើកឡើងថា នឹងខំប្រឹងឱ្យអស់សមត្ថភាពថែមមួយកម្រិតទៀត ដើម្បីកៀរគរនិងប្រើប្រាស់ទុនបរទេស។ នាថ្មីៗកន្លងទៅនេះ លទ្ធផលនៃការស៊ើបអង្កេតរបស់ សភាពាណិជ្ជកម្មអាល្លឺម៉ង់នៅចិន និងសភាពាណិជ្ជកម្មអូស្ត្រាលីនៅចិនបានបង្ហាញថា សហគ្រាសដែលផ្តល់បទសម្ភាសន៍ភាគច្រើន មានអាកប្បកិរិយាសុទិដ្ឋិនិយមចំពោះកាលានុវត្តភាពទីផ្សារ និងប្រាក់កំរៃរបស់ខ្លួននៅប្រទេសចិន។

សូមបញ្ជាក់ថា ការអភិវឌ្ឍរបស់ប្រទេសចិនមិនអាចឃ្លាតពីពិភពលោកបានទេ ហើយការអភិវឌ្ឍរបស់ពិភពលោក ក៏ត្រូវការប្រទេសចិនផងដែរ។ សនិ្នសីទអំពីការងារសេដ្ឋកិច្ចមជ្ឈិមចិន ដែលប្រារព្ធឡើងបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបង្ហាញទៅកាន់ពិភពលោកនូវភាពធន់នៃសេដ្ឋកិច្ច សក្ដានុពលនៃទីផ្សារ ភាពរស់រវើកនៃនវានុវត្តន៍និងភាពក្លាហាន នៃការបើកទូលាយរបស់ប្រទេសចិន។ ឱ្យតែការធ្វើទំនើបកម្មតាមបែបផែនចិនដើរឱ្យកាន់តែឆ្ងាយនិងកាន់តែរឹងមាំ ពិភពលោកក៏នឹងទទួលបានឱកាសឈ្នះ-ឈ្នះកាន់តែច្រើនផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន