(មីនស្កិ៍)៖ រដ្ឋាភិបាលទីក្រុងមីនស្កិ៍បានប្រកាសឱ្យដឹងថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នឹងមកបំពេញទស្សនកិច្ចការងារ នៅប្រទេសបេឡារុស នាថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីជួបពិភាក្សាគ្នាជាមួយ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២។

គម្រោងដំណើរទស្សនកិច្ចខាងលើកើតមានឡើង ស្របពេលដែលសង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែនកំពុងស្ថិតក្នុងខែទី១០ ខណៈកាលពី​ពេលការឈ្លានពានចាប់ផ្តើមដំបូង ទីក្រុងមូស្គូក៏បានប្រើប្រាស់ទឹកដីបេឡារុស ដើម្បីចល័តសម្ភារៈ យន្តហោះចម្បាំង និងកម្លាំងទ័ព ចូលទៅអ៊ុយក្រែនពីភាគខាងជើងផងដែរ។

បើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យលោក លូកាសិនកូ គឺកំលុងទស្សនកិច្ចរបស់លោក ពូទីន ប្រធានាធិបតីប្រទេសទាំងពីរ នឹងផ្តោតអាទិភាពទៅលើបញ្ហាសន្តិសុខ ហើយផ្លាស់ប្តូរទស្សនៈគ្នាជុំវិញស្ថានការណ៍សន្តិសុខ នៅក្នុងតំបន់និងពិភពលោក ប៉ុន្តែសេចក្តីថ្លែងការណ៍នោះ មិន​មានការលើកឡើងអំពីអ៊ុយក្រែនឡើយ។

គួរបញ្ជាក់ថា លោក អាឡិចសាន់ដឺ លូកាសិនកូ ដែលបានឡើងកាន់អំណាចជាមេដឹកនាំបេឡារុស ចាប់តាំងពីឆ្នាំ១៩៩៤មក បានអះអាងម្តងហើយម្តងទៀតថា លោកមិនមានបំណងបញ្ជូនកងទ័ពបេឡារុស ទៅអ៊ុយក្រែននោះទេ។ ដោយឡែក លើកចុងក្រោយបំផុត ដែលលោក ពូទីន បានមកបំពេញទស្សនកិច្ចនៅប្រទេសបេឡារុស គឺកាលពីរដូវក្តៅឆ្នាំ២០១៩។ យ៉ាងណាមិញ កាលពីមុននិងក្រោយសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង លោក ពូទីន និងលោក លូកាសិនកូ ក៏បានជួបគ្នាប៉ុន្មានលើកផងដែរ នៅប្រទេសរុស្ស៉ី៕