(កៀវ)៖ ឧត្តមសេនីយយោធាអ៊ុយក្រែនម្នាក់បាននិយាយថា ទីក្រុងមូស្គូកំពុងចាក់ឬសធ្វើសង្រ្គាមរយៈពេលយូ ហើយនៅតែចង់ដណ្តើមយកទឹកដីអ៊ុយក្រែនទាំងមូល ខណៈកងកម្លាំងរុស្ស៊ីបានវាយលុកលើទីក្រុងយុទ្ធសាស្ត្រចំនួន២ ដែលកងទ័ពរបស់ទីក្រុងកៀវបានបាញ់ផ្លោងលើទីតាំងគ្រប់គ្រងដោយរុស្ស៊ី នៅភាគខាងកើតតំបន់ដូណេត ។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២។

លោកឧត្តមសេនីយទោ អូឡេស៉ី ហ្គ្រូមូវ (Oleksiy Gromov) បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា «វិមានក្រឹមឡាំងកំពុងស្វែងរកការបង្វែរជម្លោះ ទៅជាការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធ ដ៏យូរលង់»

លោក ហ្គ្រូមូវ បានបន្ថែមថា «គោលដៅយុទ្ធសាស្ត្រសំខាន់របស់សត្រូវ គឺនៅតែជាការដណ្ដើមយកទឹកដីទាំងអស់នៃប្រទេសរបស់យើង និងមិនអនុញ្ញាតឲ្យអ៊ុយក្រែនក្លាយជាសមាជិករបស់សហភាពអឺរ៉ុប»

គួរបញ្ជាក់ថា ភាគីទាំងសងខាងបានច្រានចោលបទឈប់បាញ់សម្រាប់ថ្ងៃបុណ្យណូអែល ហើយបច្ចុប្បន្នមិនមានការចរចាណាមួយដែលមានបំណងបញ្ចប់ជម្លោះ រយៈពេលជិត ១០ខែមកហើយនេះទេ៕