(មូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយថា កិច្ចព្រមព្រៀងដោះដូរ​ឈ្នួញអាវុធរុស្ស៉ី លោក វ៉ិចទ័រ ប៊ូត (Viktor Bout) ជាមួយតារាបាល់បោះអាមេរិក នាង ប្រ៊ីតនី គ្រីន័រ (Brittney Griner) ក្តី ប៉ុន្តែវាមិនមានជាជំហានឆ្ពោះទៅរក ការបញ្ចប់វិបត្តិរវាងប្រទេសទាំងពីរនោះទេ។ នេះបើយោតាមការចុះផ្សាយដោយ សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២។

លោក ប៉េសកូវ បានប្រាប់កាសែត Izvestia ដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះថា «ការចរចាពីការផ្លាស់ប្តូរអ្នកទោស គឺជាប្រធានបទតែមួយគត់ ខុសពីការសន្និដ្ឋានបែបសម្មតិកម្ម ដែលថាវាអាចជាជំហានឆ្ពោះទៅរកផ្លូវចេញពីវិបត្តិ នៃទំនាក់ទំនងទ្វេភាគីនៅពេលនេះ។ ទំនាក់ទំនងអាមេរិក-រុស្ស៉ី នៅតែស្ថិតក្នុងស្ថានភាពមួយដ៏សោកសៅ»

គួរបញ្ជាក់ថា នាង ប្រ៊ីតនី គ្រីន័រ បានធ្វើដំណើរទៅទីក្រុងអាប៊ូ ដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម តាមយន្ដហោះឯកជនចាកចេញពីទីក្រុងមូស្គូ បន្ទាប់ពីត្រូវបានអាជ្ញាធររុស្ស៉ី ដោះលែងជាថ្នូរនឹងការដោះដូរ ជាមួយអ្នកទោសរុស្ស៉ីឈ្មោះ វ៉ីចទ័រ ប៊ូត ជាអតីតអ្នកជួញដូរអាវុធម្នាក់ដែលបានជិះយន្ដហោះឯកជនចាកចេញពី ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដូចគ្នា ក្រោយត្រូវបានដោះលែងដោយអាជ្ញាធរអាមេរិក៕