(រីយ៉ាដ)៖ ប្រធានាធិបតីចិន លោក Xi Jinping បានបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលលោកនឹងចូលរួមកិច្ចប្រជុំកំពូលជាមួយមេដឹកនាំ នៃបណ្តាប្រទេសឈូងសមុទ្រ និងប្រទេសក្នុងពិភពទ្វីបអារ៉ាប់ ក្នុងក្តីសង្ឃឹមនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយតំបន់។ ការទទួលដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅចុងឆ្នាំ២០២២ ត្រូវបានគេប្រៀបធៀបនឹងការទទួលដំណើររបស់លោកប្រធានាធិបតីអាមេរិកនាដើមឆ្នាំ២០២២ ដែលរួបភាពនៃការទទួលមានការខុសគ្នាជាខ្លាំង។ រូបភាពខុសគ្នានេះត្រូវគេចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង មានភាពទាក់ទាញជាងដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន ដោយសារតែស្ថានភាពវិវត្តន៍របស់សកលលោក។ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង មានការចុះកិច្ចព្រមព្រៀងវិនិយោគចំនួន៣៤ លើវិស័យជាច្រើនដូចជាវិស័យថាមពល រួមមានអ៊ីដ្រូហ្សែនបៃតង និងថាមពលព្រះអាទិត្យ ការចុះហត្ថលេខាលើបច្ចេកវិទ្យាព័ត៌មាន សេវាពពក (Cloud Service) ការដឹកជញ្ជូន ភស្តុភារ ឧស្សាហកម្មវេជ្ជសាស្ត្រ លំនៅដ្ឋាន និងសំណង់ជាដើម។

ដំណើរបំពេញទស្សនកិច្ច៣ថ្ងៃរបស់ប្រធានាធិបតីចិន លោក Xi Jinping នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមនៅថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២។ លោកប្រធានាធិបតីចិនបានជួប ជាមួយព្រះមហាក្សត្រ សាលម៉ាន់ ប៊ីន អាល់ឌុលឡាហ្ស៊ីសអាល់សូដ (Salman bin Abdulaziz Al Saud) ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ និងបានជួបព្រះអង្គម្ចាស់រជ្ជទាយាទ មហាម៉ាត់ ប៊ិន សាលម៉ាន់ Mohammed bin Salman ដែលជានាយករដ្ឋមន្ត្រី ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច ដែលនឹងមានរយៈពេលរហូតដល់ថ្ងៃទី10 ខែធ្នូ ឆ្នាំ២០២២ លោកប្រធានាធិបតី Xi បានចូលរួមកិច្ចប្រជុំកំពូលរដ្ឋចិន-អារ៉ាប់ និងកិច្ចប្រជុំកំពូលចិន-ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្ទ (GCC Gulf Cooperation Council) នៅទីក្រុងរីយ៉ាដ (Riyahd)។ ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របពេលដែលអារ៉ាប៊ីសាអូឌីត កំពុងពង្រីកសម្ព័ន្ធមិត្តលើពិភពលោក បន្ថែមលើសពីទំនាក់ទំនងភាពជាដៃគូយូរអង្វែងជាមួយនឹងលោកខាងលិច។

ជំនួបរវាងប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ច ជាមួយនឹងប្រទេសអារ៉ាប់សាអូឌីត ដែលជាប្រទេសផ្គត់ផ្គង់ប្រេងធំនោះ ធ្វើឡើងស្របពេលដែលទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកកំពុងមានភាពរកាំរកូស ដោយសារតែសហរដ្ឋអាមេរិកបានរិះគន់លើបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសអារ៉ាប់មួយនេះ ជាពិសេសពាក់ព័ន្ធនឹងករណីសម្លាប់អ្នកកាសែតប្រឆាំងម្នាក់ កាលពីខែតុលាឆ្នាំ២០១៨ និងសហរដ្ឋអាមេរិកបានរិះគន់ចំពោះអ្វីដែលអារ៉ាប៊ីសាអូឌីត បានគាំទ្រដល់ការកាត់បន្ថយទិន្នផលប្រេង នៅមុនពេលសហរដ្ឋអាមេរិកធ្វើការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់ខ្លួនកាលពីខែវិច្ឆិកា។ ដំណើរទស្សនកិច្ចរបស់ប្រធានា ធិបតីចិនទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នាពេលនេះ ត្រូវបានមន្ត្រីសហរដ្ឋអាមេរិកកំពុងតាមដានមើលដោយយកចិត្តទុកដាក់។ មន្ត្រីសហរដ្ឋអាមេរិកបានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង គឺជាតឹកតាងមួយទៀតដែលបង្ហាញថា ប្រទេសចិនកំពុងព្យាយាមបញ្ចេញឥទ្ធិពលរបស់ខ្លួន ប៉ុន្តែសហរដ្ឋអាមេរិកបានបានប្តេជ្ញាថា រដ្ឋាភិបាលក្រុងវ៉ាស្ហ៊ីនតោននឹងមិនមានការផ្លាស់ប្ដូរគោលនយោបាយ របស់ខ្លួនសម្រាប់តំបន់មជ្ឈឹមបូព៌ាឡើយ ។

កិច្ចប្រជុំកំពូលរដ្ឋចិន-អារ៉ាប់ក្នុងដំណើរទស្សនកិច្ច៣ថ្ងៃរបស់លោក ស៊ី ជីនពីង គឺជាកិច្ចប្រជុំដែលផ្អែកលើវេទិកាកិច្ចសហប្រតិបត្តិការរដ្ឋ ចិន-អារ៉ាប់។ កិច្ចប្រជុំកំពូលនេះ ធ្លាប់បានធ្វើ ឡើងជាលើកដំបូងរវាងប្រទេសចិន និងសម្ព័ន្ធអារ៉ាប់ ក្នុងឆ្នាំ2004។ មេដឹកនាំមួយចំនួនមកពីពិភពអារ៉ាប់ ត្រូវគេឃើញបានចូលរួមកិច្ចប្រជុំកំពូលនេះ រួមមានប្រធានាធិបតីអេហ្ស៊ីប លោក អាប់ដែន ហ្វាតា អែលស៊ីសស៊ី (Abdel Fattah El-Sissi) រដ្ឋមន្ត្រីការបរទេសគុយវ៉ែត លោក សាឡែម អាប់ឌុលឡា អាល់ចាបឺ អាល់សាបា (Salem Abdullah Al-Jaber Al-Sabah) និងរដ្ឋមន្ត្រីការបរទេសបារ៉ែន លោក អាប់ឌុលឡាទីហ្វ ប៊ិន រ៉ាឈីដ អាល់ ហ្សាយ៉ានី (Abdullatif bin Rashid Al Zayani)។

ចំណែកកិច្ចប្រជុំកំពូលចិន China-GCC មានការចូលរួមពីមេដឹកនាំមកពីក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្ទ ដែលរួមមានប្រទេសឈូងសមុទ្រចំនួនប្រាំមួយ៖ គឺប្រទេសបារ៉ែន គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់រួម។ ទីស្នាក់ការធំរបស់សម្ព័ន្ធ ប្រ ទេស GCC គឺស្ថិតនៅក្នុងក្រុង Riyadh។ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសចិន និងភាគីពាក់ព័ន្ធអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃពុធ ត្រូវគេរាយការណ៍ថារួមមាន ក្រុមហ៊ុនចិន និងក្រុមហ៊ុនរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ សម្រាប់ថាមពលអ៊ីដ្រូសែនបៃ តងនិងថាមពលពន្លឺព្រះអាទិត្យ។ សរុបមកកិច្ចព្រមព្រៀងវិនិយោគមានចំនួន34 ដែលត្រូវបានចុះហត្ថលេខា រួមទាំងផ្នែកបច្ចេកវិទ្យាព័ត៌មាន សេវាពពក ការដឹកជញ្ជូន ភស្តុភារ ឧស្សាហកម្មវេជ្ជសាស្ត្រ លំនៅដ្ឋាន និងសំណង់។

ចិន គឺជាប្រទេសដែលប្រើប្រាស់ថាមពលច្រើនជាងគេបំផុតលើពិភពលោក ហើយជាដៃគូពាណិជ្ជកម្មធំរបស់បណ្ដាប្រទេសផលិតប្រេង និងឧស្ម័ននៅមជ្ឈឹមបូព៌ានេះថែមទៀត ។ ទំនាក់ទំនងទ្វេរភាគីដែលបានកើនឡើង ក្រោមការជំរុញពិពិធកម្មសេដ្ឋកិច្ចរបស់តំបន់នេះ បានបង្កឲ្យមានការព្រួយបារម្ភពីសហរដ្ឋអាមេរិក ដោយមិនចង់ឲ្យប្រទេសចិនចូលពាក់ព័ន្ធ កាន់តែខ្លាំងឡើងនៅក្នុងហេដ្ឋារចនាសម្ព័ន្ធដែលមានភាពរសើបនៅក្នុងតំបន់មជ្ឈឹមបូព៌ានេះ ឡើយ។ រដ្ឋមន្ត្រីថាមពលរបស់អារ៉ាប៊ីសាអូឌីត បានថ្លែងថា អារ៉ាប៊ីសាអូឌីតនៅតែជាដៃគូដែលគួរឲ្យទុកចិត្ត និងជឿជាក់បានសម្រាប់ប្រទេសចិន ហើយប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើការផ្គត់ផ្គង់ថាមពល តាមរយៈការបង្កើតមជ្ឈមណ្ឌលក្នុងតំបន់ សម្រាប់បណ្ដារោងចក្រប្រទេសចិន។ ប្រទេសអារ៉ាប៊ីសាអូឌីត ជាប្រទេសផ្គត់ផ្គង់ប្រេងច្រើនជាងគេបំផុតសម្រាប់ប្រទេសចិន ហើយ ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅស្របពេលដែលមានភាពមិនប្រាកដប្រជាជុំវិញទីផ្សារថាមពល ក្រោយពេលដែលលោកខាងលិចបានដាក់ពិដានតម្លៃលើប្រេងរបស់រុស្ស៊ី ដែលកំពុងបង្កើនការលក់ឲ្យប្រទេសចិន ក្នុងតម្លៃទាប។

សេចក្តីរាយការណ៍សារព័ត៌មានបានប្រៀបធៀប ការទទួលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោក ស៊ី ជីនពីង និងដំណើរទស្សនកិច្ចប្រធានាធិបតីអាមេរិក លោក ចូបៃដិន ដែលមានការខុសគ្នាជាខ្លាំង។ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ត្រូវបានធ្វើឡើងក្នុងភាពអ៊ឹកអធិក ដែលមានរៀបចំពិធីស្វាគមន៍ដ៏ធំ ហើយបើប្រៀបធៀបនឹងការទទួលដំណើរទស្សនកិច្ចរបស់ លោក ចូ បៃដិន ដោយថ្នាក់ដឹកនាំប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីដើមឆ្នាំ២០២២នេះ គឺមានសភាពធម្មតាខុសគ្នាពីការទទួលប្រធានាធិបតីចិន។

ទំនាស់ដ៏ធំមួយរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអារ៉ាប៊ីសាអ៊ូឌីត មុននេះគឺពាក់ព័ន្ធនឹងរឿងករណីសម្លាប់អ្នកកាសែតប្រឆាំងម្នាក់ឈ្មោះ លោក Jamal Ahmad Khashoggi កាលពីដើមខែតុលា ឆ្នាំ២០១៨ ដែលសហរដ្ឋអាមេរិកបានទម្លាក់ការចោទប្រកាន់ភាពពាក់ព័ន្ធ ដាក់ទៅព្រះអង្គម្ចាស់រាជទាយាទ មហាម៉ាត់ ប៊ិនសាលម៉ាន់។ ប៉ុន្តែទីបំផុតនយោបាយគាំទ្រសិទ្ធិមនុស្ស បានទម្លាក់ចោលទៅវិញ។ តុលាការសហរដ្ឋអាមេរិកបានទម្លាក់ចោលនូវការចោទប្រកាន់នោះវិញ ក្រោមហេតុផលថាព្រះអង្គម្ចាស់រជ្ជទាយាទនោះ មានសិទ្ធិទទួលបានអភ័យឯកសិទ្ធិអធិបតេយ្យ ទោះបីជាមានការចោទប្រកាន់ដ៏គួរឱ្យទុកចិត្តថាបានពាក់ព័ន្ធនឹងឃាតកម្មក៏ដោយ។ ការទម្លាក់ចោលនេះបានធ្វើឡើង ក្នុងសប្តាហ៍ដែលមេដឹកនាំប្រទេសចិន កំពុងបំពេញទស្សនកិច្ចក្នុងប្រទេសអារ៉ាប់សាអ៊ូឌី។

ប្រធានសកលវិទ្យាល័យ Soochow ក្នុងក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ លោកសាស្ត្រាចារ្យ Victor Gao បានថ្លែងថាដំណើរទស្សនកិច្ចរបស់លោកស៊ីជីនពីង បានបង្ហាញនូវសន្ទុះគាំទ្រខ្លាំងក្លាពី បណ្តាប្រទេសក្នុងពិភពអារ៉ាប់។ ដំណើរទស្សនកិច្ចរបស់លោកស៊ីជីនពីងទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ក៏ដូចជាការអញ្ជើញចូលរួមរបស់លោកក្នុងកិច្ចប្រជុំនានា ដែលជាប់ពាក់ព័ន្ធគឺជាដំណើរនៃសន្ទុះគាំទ្រការទូតដ៏ធំអស្ចារ្យ។ លោកបានថ្លែងថាដំណើរទស្សនកិច្ចនេះបានលើកតំកើងទំនាក់ទំនងចិន-អារ៉ាប៊ីសាអូឌីត និងទំនាក់ទំនងប្រទេសក្នុងឈូងសមុទ្ទអារ៉ាប់ និងទំនាក់ទំនងចិន និងប្រទេសអារ៉ាប់ទូទៅដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ លោកបានបន្តថា ដំណើរទស្សនកិច្ចនេះជា សញ្ញាល្អសម្រាប់អនាគត អភិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការផ្អែកលើការគោរព ស្មើភាពគ្នាទៅវិញទៅមក និងលើកតំកើងសន្តិភាពនិងស្ថិរភាពក្នុងកម្រិតកាន់តែខ្ពស់ថែមទៀត។ លោក បានចាត់ទុកថា ប្រទេសចិននាពេលនេះមិនត្រឹមតែជាប្រទេសដែលផលិតធំជាងគេបង្អស់ ក្នុងពិភពលោកនិងមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសអារ៉ាប់សាអ៊ូឌីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រទេសដ៏សំខាន់បំផុតសម្រាប់ប្រទេសក្នុងពិភពអារ៉ាប់ផងដែរ៕