(ប៉េកាំង)៖ ពីថ្ងៃទី៧ដល់ថ្ងៃទី១០ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញធ្វើដំណើរទៅកាន់ក្រុងរីយ៉ាត រដ្ឋធានីប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមកិច្ចប្រជុំកំពូលចិន-ប្រទេសអារ៉ាប់ និងកិច្ចប្រជុំកំពូលចិន-ក្រុមប្រឹក្សា សហប្រតិបត្តិការប្រទេសអារ៉ាប់ឈូងសមុទ្រលើកដំបូង ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអារ៉ាប៊ីសាអូឌីត។

ដំណើរទស្សនកិច្ចលើកនេះ មានសារៈសំខាន់ជានិមិត្តសញ្ញា ដែលនឹងត្រួសត្រាយអនាគតកាន់តែទូលំទូលាយ សម្រាប់ទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងចិននិងអារ៉ាប់។ ប្រទេសអារ៉ាប៊ីសាអូឌីត ជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិន ក្នុងតំបន់មជ្ឈិមបូព៌ា រីឯប្រទេសចិនក៏ជាដៃគូពាណិជ្ជកម្មធំជាងគេ របស់ប្រទេសអារ៉ាប៊ីសាអូឌីតដែរ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសអារ៉ាប៊ីសាអូឌីតបានអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយ «សម្លឹងមើលទៅខាងកើត» ក្នុងន័យស្វែងរកឱកាសអភិវឌ្ឍន៍ថ្មី។

«ទស្សនទានឆ្នាំ២០៣០» របស់ប្រទេសអារ៉ាប៊ី សាអូឌីត ផ្សារភ្ជាប់យ៉ាងស៊ីសង្វាក់ជាមួយនឹងគំនិតផ្តួចផ្តើមស្តីពី «ខ្សែក្រវាត់និងផ្លូវ» របស់ចិន ប្រទេសចិនបានចូលរួមគម្រោងសាងសង់សំខាន់ៗ ជាច្រើនរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដូចជាគម្រោងសងសាងផ្លូវដែកល្បឿនលឿនពីក្រុង Mecca ដល់ក្រុង Medina ជាដើម។

នៅចុងខែតុលា ប្រទេសអារ៉ាប៊ីសាអូឌីត បានរៀបចំធ្វើមហាសន្និបាត «គំនិតផ្តួចផ្តើមស្តីពីការវិនិយោគនៅពេលអនាគត» ក្នុងមហាសន្និបាតលើកនេះ តំណាងចិនទទួលបានការយកចិត្តទុកដាក់ និងស្វាគមន៍យ៉ាងខ្លាំងដែលកាលពីមុនមិនធ្លាប់មាន «ការវិនិយោគនៅប្រទេសអារ៉ាប៊ីសាអូឌីត» បានក្លាយជាប្រធានបទដែលសហគ្រិនចិន យកមកពិគ្រោះពិភាក្សាយ៉ាងសកម្ម។ ប្រការដែលគួរឱ្យលើកឡើង គឺមន្ត្រីរដ្ឋាភិបាលអាមេរិកមិនបានទទួលការអញ្ជើញ។ ឱ្យចូលរួមវេទិកាលើកនេះទេ។

មិនត្រឹមតែប្រទេសអារ៉ាប៊ី សាអូឌីតប៉ុណ្ណោះទេ ចាប់ពីចូលឆ្នាំនេះមក ការប្រាស្រ័យទាក់ទងរវាងចិន និងប្រទេសមជ្ឈិមបូព៌ាផ្សេងទៀត ក៏កាន់តែញឹកញាប់ដែរ។ ខែមករា ឆ្នាំនេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសចិន និងអ៊ីរ៉ង់បានប្រកាសថា នឹងចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងសហប្រតិបតិ្តការ ដោយគ្រប់ជ្រុងជ្រោយរយៈពេល ២៥ឆ្នាំ របស់ប្រទេសទាំងពីរ។ ការប្រកួតបាល់ទាត់ពិភពលោកដែលកំពុងបើកធ្វើយ៉ាងភ្លូកទឹកភ្លូកដីនៅប្រទេសកាតា ទាំងកិច្ចកសាងកីឡដ្ឋានបាល់ទាត់ ទាំងទំនិញពិសេសរបស់ការប្រកួតបាល់ទាត់ពិភពលោក សុទ្ធតែមានធាតុផ្សំបែបចិនជាច្រើន។

ហេតុអ្វីបានជាប្រទេសមជ្ឈិមបូព៌ាដើរកាន់តែខិតជិតជាមួយចិន? មូលហេតុសំខាន់មាន២ចំណុច៖ ទីមួយ ប្រទេសចិននិងប្រទេសមជ្ឈិមបូព៌ាគោរពគ្នា ទៅវិញទៅមកលើវិស័យនយោបាយ។ មិនដូចប្រទេសលោកខាងលិច មួយចំនួនទេ ប្រទេសចិនមិនដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ហើយជានិច្ចកាល ចិនតែងតែផ្តល់ការគាំទ្រដល់ ប្រជាជននៃប្រទេសមជ្ឈិមបូព៌ា ក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍របស់ខ្លួនដោយម្ចាស់ការ។ រីឯប្រទេសមជ្ឈិមបូព៌ាវិញ ក៏បានផ្តល់ការគាំទ្រយ៉ាងមុតមាំដល់ប្រទេសចិន តាមរយៈការអនុវត្តជាក់ស្តែង ក្នុងបញ្ហាពាក់ព័ន្ធដល់ចិនតៃវ៉ាន់ ស៊ីនជាំង និងសិទ្ធិមនុស្សជាដើមផងដែរ។ ទីពីរ ចិននិងប្រទេសមជ្ឈិមបូព៌ា មានភាពបំពេញបន្ថែមគ្នាយ៉ាងខ្លាំងខាងសេដ្ឋកិច្ច មានអនាគតសហប្រតិបតិ្តការយ៉ាងទូលំទូលាយ។

ក្នុងបីត្រីមាសដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងចិននិងប្រទេសអារ៉ាប់ បានឡើងដល់ចំនួន៣១៩.២៩៥ពាន់លានដុល្លារអាមេរិក កើនជាង៣៥,២៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន បានរក្សានិន្នាការកើនឡើងយ៉ាងឆាប់រហ័ស។ អ្នកវិភាគបានសម្គាល់ឃើញថា ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ ទង្វើរបស់អាមេរិកដែលប្រព្រឹតិ្តនៅតំបន់មជ្ឈិមបូព៌ា ធ្វើឱ្យប្រទេសមជ្ឈិមបូព៌ាបាត់បង់ជំនឿចិត្តចំពោះអាមេរិក។ ប្រទេសមជ្ឈិមបូព៌ាដែលបានរងផលប៉ះពាល់ពីអនុត្តរភាពនិយម និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងរយៈពេលយូរ ត្រូវការជាបន្ទាន់នូវថាមពលវិជ្ជមាន ដែលអាចជំរុញសន្តិភាពនិងវឌ្ឍនភាពក្នុងតំបន់ រីឯប្រទេសចិនវិញ ចំជាដៃគូយុទ្ធសាស្ត្រដែលប្រទេសមជ្ឈិមបូព៌ា អាចជឿទុកចិត្តបានក្នុងរយៈពេលយូរ៕

វិទ្យុមិត្តភាពកម្ពុជាចិន