(វ៉ាស៉ីនតោន)៖ យានមិនមានផ្ទុកមនុស្ស អូរីអន (Orion) នៃបេសកកម្ម អាទីមីស-១ (Artemis-I) របស់ទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA) បានធ្វើដំណើរចូលកៀកក្នុងរយៈគម្លាតត្រឹម១៣០គីឡូម៉ែត្រប៉ុណ្ណោះ ពីផ្ទៃរបស់ព្រះចន្ទកាលពីថ្ងៃចន្ទ ដោយនេះ​គឺជាការសម្រេចបាន ចម្ងាយដ៏ជិតព្រះចន្ទបំផុត សម្រាប់យានអវកាស ដែលត្រូវបានផលិតឡើងសម្រាប់ដឹកជញ្ជូន មនុស្សទៅមក​ឋានព្រះចន្ទសាជាថ្មីឡើងវិញ គិតចាប់តាំងពីបេសកកម្ម អូប៉ូឡូ-១៧ (Apollo 17) កាលពីកន្លះសតវត្សរ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២។

ការហោះឆ្វែលខាងលើនៃយាន Orion ដែលកំពុងស្ថិតក្នុងគន្លងផ្លូវ បកត្រឡប់ឆ្ពោះមកកាន់ភពផែនដីវិញ គឺកើតឡើងនៅរយៈពេល១សប្តាហ៍ បន្ទាប់ពីយានអវកាសនេះ បានឈានដល់ចំណុចឆ្ងាយបំផុតរបស់វា នៅក្នុងទីអវកាស គឺចម្ងាយជិត៤៣៥,០០០គីឡូម៉ែត្រ ពីភពរបស់យើង កាលពីកំលុងថ្ងៃទី១៣ នៃបេសកកម្មរបស់វា ដែលមានរយៈពេលសរុប២៥ថ្ងៃ។

ការហោះចូលទៅកៀកផ្ទៃព្រះចន្ទ កាលពីថ្ងៃចន្ទសប្តាហ៍នេះ គឺដើម្បីឱ្យយាន Orion បង្កើនល្បឿននិងកំណត់ទិសដៅឆ្ពោះមកកាន់​ផែនដីវិញ។ បើតាមផែនការ វានឹងចុះមកដល់លើផ្ទៃសមុទ្រនៅថ្ងៃទី១១ ខែធ្នូ គឺថ្ងៃអាទិត្យសប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។ លើកចុងក្រោយបង្អស់ ដែលយានអវកាសរចនាឡើងសម្រាប់ការដឹកជញ្ជូនមនុស្ស បានហោះទៅជិតផ្ទៃព្រះចន្ទដូចយាន Orion គឺបេសកកម្មចុងក្រោយនៃកម្មវិធី Apollo ហៅថា Apollo 17 ដែលបាននាំយកអវកាសយានិកអាមេរិក២រូប ទៅជាន់លើដីព្រះចន្ទ កាលពី៥០ឆ្នាំមុន នៅក្នុងខែធ្នូដូចគ្នា។ ពួកគេជាអវកាសយានិក ២នាក់ចុងក្រោយ ក្នុងចំណោមអវកាសយានិកអាមេរិកទាំង១២នាក់ ដែលបានដើរលើផ្ទៃព្រះចន្ទ អំលុងបេសកកម្ម Apollo សរុបចំនួន៦ ចាប់ពីឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧២។

គួរបញ្ជាក់ថា យាន Orion ត្រូវបានបាញ់បង្ហោះឡើងទីអវកាស តាមរយៈគ្រាប់រ៉ុក្កែតជំនាន់ថ្មីរបស់ NASA ហៅថា Space Launch System ឬ SLS កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ចេញពីមជ្ឈមណ្ឌលអវកាស ខេណឺឌី (Kennedy Space Center) នៅជ្រោយខាណាវើរ៉ាល់ (Cape Canaveral) ក្នុងរដ្ឋផ្លូរីដារបស់សហរដ្ឋអាមេរិក។ កម្មវត្ថុចម្បងនៃបេសកកម្មហោះហើរលើកដំបូងរបស់ Orion គឺធ្វើតេស្តភាពរឹងមាំនៃខែលការពារកម្តៅរបស់វា ដ្បិតយានអវកាសនេះ ត្រូវធ្វើដំណើរចូលស្រទាប់ផែនដីវិញក្នុងល្បឿនរហូតដល់ ៤០,០០០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលលឿនខ្លាំងជាងយានអវកាស ត្រឡប់មកពីស្ថានីយអវកាសអន្តរជាតិ ISS។

ប្រសិនបើបេសកកម្ម Artemis-I ទទួលបានជោគជ័យ បេសកកម្ម អាទីមីស-២ (Artemis-II) ដែលនឹងមានដឹកមនុស្សឆ្ពោះទៅ ហើយត្រឡប់មកពីឋានព្រះចន្ទវិញ អាចនឹងកើតឡើងនៅក្នុងឆ្នាំ២០២៤។ បន្ទាប់មកទៀត នឹងមានការនាំយកអវកាសយានិក ទៅចុះលើដីព្រះចន្ទជាលើកដំបូងសម្រាប់កម្មវិធី Artemis ក្នុងបេសកកម្ម អាទីមីស-៣ (Artemis III)។ ចំណែកឯ មហិច្ឆតារបស់ NASA ក្នុងការបញ្ជូនអវកាសយានិកទៅកាន់ភពអង្គារ (Mars) គឺត្រូវបានរំពឹងថា នឹងទាមទារពេលវេលាយ៉ាងហោច ១ទសវត្សរ៍កន្លះទៀត ទើបប្រហែលអាចសម្រេចបាន៕