(ប៉េកាំង)៖ នៅថ្ងៃអង្គារនេះ ប្រទេសចិនបានសម្តែងការគោរពជាលើកចុងក្រោយ ដើម្បីលាលោក ជាំង ហ្សេមីន (Jiang Zemin) ដោយប្រជាជននៅទូទាំងប្រទេស បាននាំគ្នាចូលរួមស្មឹងស្មាធរយៈពេល៣នាទី ដើម្បីគោរពវិញ្ញាណក្ខន្ធអតីតមេដឹកនាំរូបនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២។

ពិធីបុណ្យសពជាសាធារណៈសម្រាប់លោក ជាំង ដែលបានទទួលមរណភាព កាលពីសប្តាហ៍មុន នៅអាយុ៩៦ឆ្នាំ បានចាប់ផ្តើមកាលពីវេលាម៉ោង១០៖០០នាទីព្រឹកថ្ងៃអង្គារនេះ នៅឯមហាវិមានប្រជាជនចិន ដែលស្ថិតក្នុងទីក្រុងប៉េកាំង ក្រោមវត្តមានចូលរួមពីសំណាក់ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ព្រមទាំងថ្នាក់ដឹកនាំកំពូលដទៃៗទៀត។ ពិធីនេះក៏ត្រូវបានផ្សាយផ្សាល់ នៅទូទាំងប្រទេសផងដែរ។ នាឱកាសនោះ លោក ស៉ី បានរំឭកអំពីស្នាដៃ ហើយស្ងើចសរសើរជាខ្លាំង ចំពោះការដឹកនាំរបស់លោក ជាំង។

ពិធីបុណ្យសពខាងលើ គឺជាការបិទបញ្ចប់រយៈពេលកាន់ទុក្ខមួយសប្តាហ៍ នៅក្នុងប្រទេសចិន បន្ទាប់ពីលោក ជាំង បានទទួលមរណភាព កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ដោយសារជំងឺមហារីកគ្រាប់ឈាម និងការខូចខាតសរីរាង្គផ្នែកខាងក្នុងជាច្រើន។ កាលពីថ្ងៃចន្ទ លោក ស៉ី ជិនពីង បានដឹកនាំក្រុមមន្រ្តីជាន់ខ្ពស់ ទៅគោរពវិញ្ញាណក្ខន្ធចំពោះមុខសពលោក ជាំង ដោយផ្ទាល់ នៅឯមន្ទីរពេទ្យយោធាមួយកន្លែង ក្នុងរដ្ឋធានីប៉េកាំង។ នាពេលនោះ ក៏មានវត្តមានអតីតប្រធានាធិបតីលោក ហ៊ូ ជីនតាវ ដែលត្រូវបានគេកៀកចេញពី​សមាជបក្សកុម្មុយនិស្តចិន កាលពីខែតុលាកន្លងទៅ នៅក្នុងហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយ ដែលបានទាក់ទាញ់ចំណាប់អារម្មណ៍អន្តរជាតិ​ផងដែរ។

របញ្ជាក់ថា លោក ជាំង ហ្សេមីន បានកាន់តំណែងជាអគ្គលេខាធិការ នៃគណបក្សកុម្មុយនិស្តចិនចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ២០០២, ជាប្រធានគណៈកម្មការយោធាមជ្ឈិមចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ២០០៤ និងជាប្រធានាធិបតីចិន ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៣។ លោក ជាំង បានទទួលមរណភាព ដោយបន្សល់ទុកនូវភរិយា គឺលោកស្រី វ៉ាង យេពីង (Wang Yeping) ហើយនិងកូនប្រុស២នាក់៕