(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថាខ្លួនបានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាសនៅលើកោះគូរីល (Kuril) ដែលជាទីតាំងយុទ្ធសាស្ត្រ ដ៏សំខាន់មួយ នៃដែនកោះមួយនេះដែលលាតសន្ធឹងរវាងជប៉ុន និងឧបទ្វីបកាំាឆាត់កា (Kamchatka) របស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអង្គារ ទី៦ ខែធ្នូ​ ឆ្នាំ២០២២។

កោះគូរីល (Kuril) ដែលជប៉ុនហៅថា «ដែនដីភាគខាងជើង» គឺជាដែនជម្លោះទឹកដីរវាងទីក្រុងតូក្យូ និងទីក្រុងមូស្គូ ចាប់តាំងពីកងទ័ពអតីតសហភាពសូវៀត ដណ្ដើមគ្រប់គ្រងដែនកោះមួយនេះពីជប៉ុន នៅចុងបញ្ចប់នៃសង្រ្គាមលោកលើកទី២។ បើតាមក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៉ី Bastion ដែលមានសមត្ថភាពបាញ់មីស៊ីលក្នុងរយៈចម្ងាយ៥០០គីឡូម៉ែត្រ ត្រូវបានដាក់ពង្រាយនៅលើកោះ ប៉ារ៉ាមូសៀ (Paramushir) ស្ថិតផ្នែកខាងជើងនៃកោះគូរីល។

គួរបញ្ជាក់ថា ការប្រកាសពីការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាសខាងលើ កើតមានឡើងមួយឆ្នាំ បន្ទាប់ពីរុស្ស៉ីបានដំឡើងប្រព័ន្ធមីស៊ីលការពារ ដែនអាកាស Bastion នៅលើកោះម៉ាទូអា (Matua) នៃកោះគូរីល ហើយរុស្ស៉ីកាន់តែបង្កើនការធ្វើយោធូបនីយកម្មនៅលើទីប្រជុំកោះជម្លោះជាមួយជប៉ុន មួយនេះចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈមក៕