(កៀវ)៖ អ៊ុយក្រែន បាននិយាយថារុស្ស៉ីបានបាញ់ស្រោចមីស៊ីលសាជាថ្មី កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដោយបំផ្លាញផ្ទះជាច្រើនខ្នង នៅក្នុងតំបន់ភាគអាគ្នេយ៍ និងបណ្ដាល ឱ្យមានតំបន់ជាច្រើនផ្សេងទៀត គ្មានអគ្គិសនីប្រើប្រាស់ ខណៈទីក្រុងមូស្គូ បានចោទប្រកាន់ថាទីក្រុងកៀវ បានវាយប្រហារដោយប្រើយន្ដហោះដ្រូលើមូលដ្ឋានទ័ពអាកាស របស់ខ្លួនចំនួន២ នៅក្នុងទឹកដីរុស្ស៉ី ដែលស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រពីសមរភូមិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថាមួយ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ថាមនុស្សយ៉ាងហោច ៤នាក់បានស្លាប់ នៅក្នុងការវាយប្រហារដោយមីស៊ីលរុស្ស៉ី ហើយភាគច្រើននៃមីស៊ីលជាង ៧៩គ្រាប់ត្រូវបានបាញ់ទម្លាក់ ខណៈក្រុមអ្នកជំនាញកំពុងព្យាយាមស្ដារថាមពលអគ្គិសនីឡើងវិញ ចំពេលសីតុណ្ហភាពនៅតាមផ្នែកខ្លះ នៃប្រទេសអ៊ុយក្រែន បានធ្លាក់ចុះដល់ក្រោមសូន្យអង្សាសេ។

ប៉ុន្តែ ក្នុងថ្ងៃចន្ទដដែលនោះដែរ ក្រសួងការពារជាតិរុស្ស៉ី បានអះអាងថាយន្ដហោះដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារលើលើមូលដ្ឋានទ័ពអាកាសចំនួន២ នៅក្នុងតំបន់ រីយ៉ាហ្សាន់ (Ryazan) និងសារ៉ាតូវ (Saratov) ក្នុងទឹកដីរុស្ស៉ីដោយស្លាប់ទាហាន ៣នាក់ និង៤នាក់ទៀតរងរបួស ហើយយន្ដហោះចម្បាំង២គ្រឿង រងការខូចខាត ដោយសារបំណែកយន្ដហោះដ្រូនដែលត្រូវបានបាញ់ទម្លាក់។

យ៉ាងណាក៏ដោយ អ៊ុយក្រែន​មិនបានអត្ថាធិប្បាយអ្នីលម្អិតឆ្លើយតបទៅនឹងការចោទប្រកាន់របស់រុស្ស៉ីនោះទេ។ តែប្រសិនបើនេះជាការពិតមែន នោះវានឹងក្លាយជា ការវាយប្រហារចូលយ៉ាងជ្រៅបំផុតក្នុងទឹកដីរុស្ស៉ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈមក។ មូលដ្ឋានទ័ពអាកាស អែនជែល (Engels) នៅក្បែរទីក្រុង Saratov មានចម្ងាយ ៧៣០គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុងមូស្គូ៕