(មូស្គូ)៖ ការកំណត់តម្លៃប្រេងរបស់រុស្ស៉ីដឹកជញ្ជូនតាមសមុទ្រ ដែលឯកភាពគ្នាឡើងដោយសហភាពអឺរ៉ុប ក្រុមប្រទេស G7 និងប្រទេសអូស្ត្រាលី បានចូលជាធរមាន ហើយ នៅថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២នេះ។ ការកំណត់តម្លៃត្រឹម ៦០ដុល្លារក្នុងមួយបារ៉ែល ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយប្រាក់ចំណូលកុំឱ្យរុស្ស៉ីយកទៅ ប្រើប្រាស់ ឬផ្គត់ផ្គង់ដល់សង្រ្គាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន​។

ប៉ុន្តែ ព្រមពេលជាមួយគ្នា ទីក្រុងមូស្គូ បាននិយាយថាខ្លួននឹងមិនទទួលយកការកំណត់តម្លៃនេះទេ ខណៈអ៊ុយក្រែនថាកម្រិតតម្លៃដែលក្រុមលោកខាងលិចកំណត់លើ ប្រេងរបស់រុស្ស៉ី គឺមិនមានទម្ងន់គ្រប់គ្រាន់នោះទេ។ «ខ្ញុំមិនចាត់ទុកវាជាការសម្រេចចិត្តមួយដែលមានទម្ងន់ធ្ងន់ និងប្រាកដប្រជានោះទេ ក្នុងការកំណត់តម្លៃប្រេង រុស្ស៉ីត្រឹមកម្រិតបែបនេះ ដោយវាហាក់នឹងមិនអាចជះឥទ្ធិពលធំដុំអ្វីទៅលើប្រទេសរុស្ស៉ីឡើយ។ ទោះយ៉ាងណា ចំណាត់ការធ្ងន់ៗ គង់តែនឹងចាំបាច់ត្រូវប្រើ ដោយចៀសមិនផុត ប៉ុន្តែគួរឱ្យសោកស្តាយ ដែលឱកាសនាពេលនេះត្រូវកន្លងហួស»។ នេះជាការគូសបញ្ជាក់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។

លោកប្រធានាធិបតីអ៊ុយក្រែន បានបន្ថែមថា អន្តរជាតិបានបង្ហាញពីភាពទន់ខ្សោយ តាមរយៈការកំណត់តម្លៃប្រេងរុស្ស៉ីត្រឹម ៦០ដុល្លារក្នុង១បារ៉ែល ហើយ ទីប្រឹក្សាជាន់ខ្ពស់របស់លោកបាននិយាយថា តម្លៃប្រេងរុស្ស៉ីគួរតែកំណត់នៅត្រឹម៣០ដុល្លារ។ ដូច្នេះថាតើការកំណត់តម្លៃប្រេងត្រឹម ៦០ដុល្លារ អាចកាត់ផ្ដាច់ ចំណូលសេដ្ឋកិច្ចរុស្ស៉ី ឬក៏នាំទៅរកការបិទបញ្ចប់ការឈ្លានពាននៅអ៊ុយក្រែនដែរ ឬទេ? ថាតើការកំណត់តម្លៃប្រេងនេះទៀតសោតនឹងដំណើរការទៅយ៉ាង ដូចម្ដេច?

យន្ដការកំណត់តម្លៃប្រេង គឺជាកម្មវត្ថុមួយនៃការហាមឃាត់របស់សហភាពអឺរ៉ុប លើការនាំចូលប្រេងរុស្ស៉ីដែលដឹកជញ្ជូនតាមសមុទ្រ ដែលនេះស្រដៀងគ្នាទៅនឹង ពាក្យសន្យារបស់សហរដ្ឋអាមេរិក កាណាដា ជប៉ុន និងចក្រភពអង់គ្លេស។ នេះមានន័យថាប្រេងរុស្ស៉ីដែលលក់ក្នុងតម្លៃប្រហាក់ប្រហែល ឬក្រោមតម្លៃ ៦០ដុល្លារ ក្នុងមួយបារ៉ែល ត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូនទៅកាន់ប្រទេសទី៣ ដោយប្រើប្រាស់កប៉ាល់ដឹកប្រេង ក្រុមហ៊ុនធានារ៉ាប់រង និងស្ថាប័នឥណ្ឌទាននៃក្រុមប្រទេស G7 និងសហភាពអឺរ៉ុប។ ដោយសារតែក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនធានារ៉ាប់រងធំៗភាគច្រើនមានមូលដ្ឋាននៅក្នុងប្រទេស G7 ការកំណត់តម្លៃប្រេងនេះនឹងបង្ក ផលលំបាកដល់ទីក្រុងមូស្គូ ដើម្បីលក់ប្រេងរបស់ខ្លួនក្នុងតម្លៃថ្លៃ។ ចំណែកឯ ប្រទេសដទៃដែលមិនបានអនុវត្តការកំណត់តម្លៃប្រេង នៅតែអាចបន្តទិញប្រេងពីរុស្ស៉ី លើសតម្លៃដែលបានកំណត់។ ប៉ុន្តែមិនអាចប្រើប្រាស់សេវាលោកខាងលិច ក្នុងការទិញ ទទួលបានធានារ៉ាប់រង និងដឹកជញ្ជូនប្រេងនោះទេ។

ទាំងអ៊ុយក្រែន និងក្រុមអ្នកជំនាញ សុទ្ធតែយល់ថាការកំណត់តម្លៃត្រឹម ៦០ដុល្លារលើប្រេងរបស់រុស្ស៉ី មិនមានភាពធ្ងន់ធ្ងរឡើយ ហើយនឹងមានឥទ្ធិពលតិចតួច ប៉ុណ្ណោះ ក្នុងការរារាំង​​រុស្ស៉ីមិនឱ្យបន្តសង្រ្គាមនៅអ៊ុយក្រែន។ ដ្បិត ក្នុងពេលបច្ចុប្បន្ន ទីក្រុងមូស្គូ កំពុងលក់ប្រេងរបស់ខ្លួនក្រោមការបញ្ចុះតម្លៃប្រហាក់ប្រហែលនឹង តម្លៃប្រេងដែលបានកំណត់នេះរួចទៅហើយ នោះគឺ ៦៥ដុល្លារក្នុងមួយបារ៉ែល ហើយដើម្បីទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួនរុស្ស៉ីត្រូវការលក់ប្រេងក្នុងតម្លៃចន្លោះពី៦០ ដល់ ៧០ដុល្លារក្នុងមួយបារ៉ែល។ ដូច្នេះហើយ ពួកគេចង់ឱ្យ G7 និងសហភាពអឺរ៉ុបកំណត់តម្លៃប្រេងរុស្ស៉ីដឹកជញ្ជូនតាមសមុទ្រ មកនៅត្រឹមពី ៣០ ដល់៤០ដុល្លារ ក្នុងមួយបារ៉ែល។

លើសពីនេះទៅទៀត គេនៅត្រូវរង់ចាំមើលសិនដែរថាតើសហភាពអឺរ៉ុប នឹងមានសាមគ្គីភាពខ្លាំងប៉ុនណា ក្នុងការអនុវត្តការកំណត់តម្លៃប្រេង? ឬអាចនិយាយបាន ថាការអនុវត្តជាក់ស្ដែងទើបជារឿងសំខាន់។ ណាមួយទៀត មានប្រទេសផ្សេងជាច្រើននៅជុំវិញពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ី តួយ៉ាងដូចជាចិន និងឥណ្ឌា នៅតែបន្តកើបផលចំណេញ តាមរយៈការលក់ប្រេងក្រោមការបញ្ចុះតម្លៃពីរុស្ស៉ី ដែលបានងាកមករកទីផ្សារអាស៊ី ចាប់តាំងពីលោក ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៉ី ចូលឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈមក។

លោក អ៊ុលរីស ព្រូអិចន័រ (Ulrich Brueckner) ជាសាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ Stanford ក្នុងទីក្រុងបែរឡាំង បានកត់សម្គាល់ថា ការកំណត់តម្លៃប្រេងរុស្ស៉ី វាគឺជា «សារនយោបាយមួយដ៏រឹងមាំ» ដែលលោកខាងលិចចង់បង្ហាញពីសាមគ្គីភាព និងការរៀនសូត្រពីមេរៀនដ៏សំខាន់មួយ ក្រោយបាន ត្រឹមឈ្លោះប្រកែកគ្នា និងឈរមើលរុស្ស៉ីក្រសោបយកតំបន់គ្រីមៀ ពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤។

ភាពអសកម្មរបស់លោកខាងលិច នៅពេលនោះឯង ត្រូវបានគេ មើលឃើញថាជាកំហុស និងជាការជំរុញឱ្យលោក ពូទីន ទាញការសន្និដ្ឋានថារុស្ស៉ីអាចឈ្លានពានអ៊ុយក្រែន ដោយមិនចាំបាច់បារម្ភពីការចាត់វិធានការឆ្លើយតបរួមគ្នា ពីលោកខាងលិច។ ការកំណត់តម្លៃប្រេង ក៏ជាសារនយោបាយមួយដែលលោកខាងលិចចង់បញ្ជាក់ដែរថាពួកគេនឹងបន្តចាត់វិធានការចាំបាច់នានាដើម្បីឆ្លើយតប ទៅនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី៕