(ដូហា)​៖ ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម (UAE) បានធ្វើដំណើរទៅកាន់ប្រទេសកាតានាថ្ងៃចន្ទនេះ សម្រាប់ការបំពេញទស្សនកិច្ច​ជាលើកដំបូង ចាប់តាំងតែពីអារ៉ាប៊ីសាអូឌីតហើយនិងសម្ពន្ធមិត្តអារ៉ាប់របស់ខ្លួន រួមមានទាំង UAE ផងដែរ បិទបញ្ចប់ការធ្វើពហិការចំពោះទីក្រុងដូហា កាលពីជិត២ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២។

ព្រះអង្គម្ចាស់ ម៉ូហាំម៉ាត់ ប៊ីន ហ្សាយីដ អាល់ ណាយ៉ាន (Mohammed bin Zayed al-Nahyan) ដែលជាមេដឹកនាំតាមព្រឹត្តន័យរបស់ UAE រយៈពេលជាច្រើនឆ្នាំមកហើយ មុនក្លាយជាប្រធានាធិបតីជាផ្លូវការកាលពីខែឧសភា ឆ្នាំនេះ បានទៅដល់ទីក្រុងដូហាក្រោម​វត្តមានស្វាគមន៍ របស់ព្រះមហាក្សត្រកាតាផ្ទាល់ គឺព្រះអង្គ តាមីម ប៊ីន ហាម៉ាត់ អាល់ ថានី (Tamim bin Hamad al-Thani)។ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ UAE បានរាយការណ៍ដូច្នេះថា «ដំណើរទស្សនកិច្ចនេះកើតឡើង ដោយឈរលើទំនាក់ទំនងជាបងប្អូន ដែលផ្សារភ្ជាប់ប្រទេសនិងប្រជាជនប្រទេសទាំងពីរ»

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអេហ្ស៉ីប កាលពីដើមឆ្នាំ២០២១ បានសម្រេចបញ្ចប់ការធ្វើពហិការរបស់ពួកគេ ចំពោះកាតាដែលមានរយៈពេល៣ឆ្នាំកន្លះ ប៉ុន្តែចំណងទាក់ទងរវាងទីក្រុងអាប៊ុយដាប៊ីនិងទីក្រុងដូហា មិនបានវិលរកភាពប្រសើរឡើងវិញ ក្នុងសន្ទុះស្មើគ្នាដូចទីក្រុងរីយ៉ាដនិងទីក្រុងគែរឡើយ ដែលបានតភ្ជាប់ទំនាក់ទំនងការទូតរួចរាល់វិញហើយ ជាមួយ​ទីក្រុងដូហា។

បញ្ហាវិវាទផ្នែកនយោបាយបានមើលឃើញ អារ៉ាប៊ីសាអូឌីតនិងសម្ពន្ធមិត្តរបស់ខ្លួន កាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយកាតា កាលពីខែមិថុនា ឆ្នាំ២០១៧ ដោយសារការចោទប្រកាន់ថា ទីក្រុងដូហាបានផ្តល់ការគាំទ្រដល់ក្រុមជ្រុលនិយម បូករួមទំនាក់ទំនង​របស់កាតាជាមួយអ៉ីរ៉ង់និងតួកគី៕