(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍បាននិយាយថា ការកំណត់តម្លៃត្រឹម៦០ដុល្លារលើប្រេងរបស់រុស្ស៉ី ដែលឯកភាពគ្នាដោយក្រុមប្រទេស G7 និងអូស្រ្តាលីនោះ គឺមិនមានភាពធ្ងន់ធ្ងរឡើយ ហើយនឹងមានឥទ្ធិពលតិចតួចប៉ុណ្ណោះ ក្នុងការរារាំង​​រុស្ស៉ីមិនឱ្យបន្តសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០២២។

លោក ហ្សេលេនស្គី បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមិនចាត់ទុកវាជាការសម្រេចចិត្តមួយ ដែលមានទម្ងន់ធ្ងន់និងប្រាកដប្រជានោះទេ ក្នុងការកំណត់តម្លៃប្រេងរុស្ស៉ីត្រឹមកម្រិតបែបនេះ ខណៈវាហាក់នឹងមិនអាចជះឥទ្ធិពលធំដុំអ្វីទៅលើប្រទេសរុស្ស៉ីឡើយ។ ទោះយ៉ាងណា ចំណាត់ការធ្ងន់ៗគង់តែនឹងចាំបាច់ត្រូវប្រើ ដោយចៀសមិនផុត ប៉ុន្តែគួរឱ្យសោកស្តាយ ដែលឱកាសនាពេលនេះ ត្រូវកន្លងហួស»

លោកប្រធានាធិបតីអ៊ុយក្រែន បានបន្ថែមថា អន្តរជាតិបានបង្ហាញពីភាពទន់ខ្សោយ តាមរយៈការកំណត់តម្លៃប្រេងរុស្ស៉ីត្រឹម ៦០ដុល្លារក្នុង១បារ៉ែល ខណៈទីប្រឹក្សាជាន់ខ្ពស់របស់លោក បាននិយាយថា តម្លៃប្រេងរុស្ស៉ីគួរតែកំណត់នៅត្រឹម៣០ដុល្លារ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ក្រុមប្រទេស G7 និងអូស្រ្តាលី បានប្រកាសថា ពួកគេបានព្រមព្រៀងគ្នាលើ ការកំណត់តម្លៃ៦០ដុល្លារ ក្នុង១បារ៉ែល សម្រាប់ប្រេងរុស្ស៉ីដែលដឹកជញ្ជូនតាមផ្លូវសមុទ្រ បន្ទាប់ពីរដ្ឋាភិបាលសហភាពអឺរ៉ុបទាំងអស់ ក៏បានឯកភាពគ្នាលើការកំណត់តម្លៃប្រេងនេះផងដែរ៕