(អ៉ីស្លាម៉ាបាដ)៖ ក្រុមភេរវករ ISIS នៅថ្ងៃអាទិត្យនេះ បានចេញមុខប្រកាសថា ខ្លួនគឺជាអ្នកពីក្រោយសកម្មភាពវាយប្រហារមួយ ទៅលើ​ស្ថានទូតប៉ាគីស្ថានក្នុងរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្កានីស្ថាន កាលពីប៉ុន្មានថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០២២។

ស្ថានទូតរបស់រដ្ឋាភិបាលអ៉ីស្លាម៉ាបាដ បានរងការវាយប្រហារកាលពីថ្ងៃសុក្រសប្តាហ៍នេះ ហើយឆ្មាំសន្តិសុខប៉ាគីស្ថានម្នាក់បានរងរបួស ដោយសារការបាញ់ប្រហារ ក្នុងសកម្មភាពដែលខាងប៉ាគីស្ថានចោទថា គឺជាទង្វើប៉ុនប៉ងធ្វើឃាតកម្មប្រមុខបេសកកម្មការទូតរបស់ខ្លួន។ យ៉ាងណាក្តី ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន មិនបានរងគ្រោះថ្នាក់អ្វីឡើយ។

ខាងក្រុមភេរវករ ISIS បានអះអាងថា ការវាយប្រហារខាងលើ បានប្រព្រឹត្តទៅក្រោមស្នាដៃសមាជិកខ្លួន២នាក់ ដែលប្រដាប់ដោយកាំភ្លើង​ធុនមធ្យម និងកាំភ្លើងបាញ់ស៉ីប ហើយមានគោលដៅទៅលើ ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន រួមទាំងកងរក្សាសន្តិសុខរបស់លោក ដែលមាន​វត្តមាននៅក្នុងបរិវេណស្ថានទូត កំលុងពេលកើតហេតុ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធររដ្ឋាភិបាលតាលីបង់ ដែលគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន គឺពួកគេកំពុងបន្តការស៉ើ់បអង្កេតជុំវិញករណីខាងលើ ហើយបានអះអាងថា ស្ថានទូតប៉ាគីស្ថានបានរងការបាញ់ប្រហារ ពីសំណាក់អគារមួយកន្លែងដែលស្ថិតនៅក្បែរនោះ។ ជាមួយគ្នានេះដែរ ប៉ូលិសអាហ្វហ្កានីស្ថាន ចាប់ខ្លួនបានជនសង្ស័យម្នាក់ និងរឹបអូសកាំភ្លើងបាន២ដើម៕