(សេអ៊ូល)៖ អតីតទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក ស៊ូ ហ៊ូន (Suh Hoon) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ជុំវិញករណី​មួយកាលពីឆ្នាំ២០២០ នៅពេលមន្រ្តីជលផលកូរ៉េខាងត្បូងម្នាក់ ត្រូវបានសម្លាប់នៅឯសមុទ្រដោយកងទ័ពកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០២២។

ករណីឃាតកម្មខាងលើបានបង្កឱ្យមានភាពចម្រូងចម្រាស នៅពេលដែលគ្រួសាររបស់មន្រ្តីជលផលរូបនោះ គឺលោក លី ដេជុន (Lee Dae Jun) បានចេញមុខប្រកែកតវ៉ាចំពោះ ការអះអាង របស់រដ្ឋបាលអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក មូ ចេអ៉ីន ដែលថាតាមពិត លោក លី ​បានព្យាយាមរត់ចោលស្រុកទៅកាន់កូរ៉េខាងជើង ដោយសារតែបំណុលល្បែង បូករួមជាមួយបញ្ហាផ្លូវចិត្ត ហើយនិងការរស់នៅដោយមិនសប្បាយ​ចិត្ត។

ដោយឡែក រដ្ឋបាលប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្នគឺលោក យូន ស៊ុកយុល (Yoon Suk Yeol) ដែលបានឡើងកាន់អំណាចកាលពីខែឧសភា ឆ្នាំ២០២២នេះ បានសម្រេចសាជាថ្មីថា ពុំមានភស្តុតាងអំពីការប៉ុនប៉ងរត់ចោលស្រុកដោយលោក លី ដេជុន ឡើយ។ មិនតែប៉ុណ្ណោះ ក្រុមរដ្ឋអាជ្ញាក៏បាន​បើកការស៉ើបអង្កេតផ្លូវការទៅលើ ករណីបាត់បង់ជីវិតរបស់លោក លី ផងដែរ ព្រមទាំងទៅលើករណីមួយទៀតកាលពីឆ្នាំ២០១៩ ដែលអ្នកនេសាទជនជាតិ​កូរ៉េខាងជើង២នាក់ ត្រូវបានបណ្តេញទៅកាន់ប្រទេសកំណើតវិញ ដោយប្រឆាំងនឹងឆន្ទៈពួកគេថែមទៀតផង។

គួរបញ្ជាក់ថា លោក ស៊ូ ហ៊ូន ដែលធ្លាប់កាន់តំណែងជា ទីប្រឹក្សាសន្តិសុខជាតិរបស់លោក មូន ចេអ៉ីន ត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ថា រូបលោកបានបញ្ជាឱ្យលុបចោល របាយការណ៍ចារកម្ម ដើម្បីបិទបាំងករណីឃាតកម្មរបស់មន្រ្តីជលផលលោក លី ដេជុន ហើយបានប្រឌិតភស្តុតាង ដើម្បីគាំទ្រដល់​អំណះអំណាងរបស់លោក ដែលថាលោក លី ព្យាយាមរត់ចោលស្រុកទៅកូរ៉េខាងជើង៕