(ហ្សាការតា)៖ ភ្នំភ្លើងឈ្មោះថា សេមេរូ (Semeru) នៅឯប្រទេសឥណ្ឌូណេស៉ី បានផ្ទុះនៅថ្ងៃអាទិត្យនេះ ដោយជះផ្សែងនិងកម្ទេចផេះកម្ពស់ ១.៥គីឡូម៉ែត្រឡើងទៅលើផ្ទៃអាកាស ហើយជំរុញឱ្យអាជ្ញាធរចេញសារព្រមានដល់ប្រជាជន ឱ្យស្ថិតនៅឱ្យឆ្ងាយពីតំបន់ភ្នំភ្លើងនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០២២។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៉ី BNPB បានឱ្យដឹងថា ភ្នំភ្លើង Semeru បានចាប់ផ្តើមផ្ទុះកាលពីវេលាម៉ោង ២៖៤៦នាទី​យប់រំលងអធ្រាត្រ ហើយបានព្រមានប្រជាជនកុំឱ្យធ្វើសកម្មភាពអ្វីទាំងអស់ នៅក្នុងរយៈចម្ងាយ៥គីឡូម៉ែត្រជុំវិញមាត់ភ្នំភ្លើង និងរក្សាគម្លាត​យ៉ាងហោច៥០០ម៉ែត្រពីតំបន់ច្រាំងទន្លេ ដោយសារហានិភ័យនៃលំហូរកម្អែរភ្នំភ្លើង។ យ៉ាងណាក្តី បើតាមទីភ្នាក់ងារ BNPB ស្ថានភាពនៃ​ភ្នំភ្លើង Semeru គឺបន្តស្ថិតនៅកម្រិតលេខ៣ដដែល ខណៈកម្រិតខ្ពស់បំផុតគឺកម្រិតលេខ៤។

គួរបញ្ជាក់ថា ដោយមានភ្នំភ្លើងសរុបចំនួន១៤២ ឥណ្ឌូណេស៉ីជាប្រទេសមានចំនួនប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោកនេះ ដែលរស់នៅក្នុងរយៈចម្ងាយក្បែរភ្នំភ្លើង ក្នុងនោះ៨.៦លាននាក់ស្ថិតក្នុងគម្លាត១០គីឡូម៉ែត្រ៕