(មូស្គូ)៖ ក្នុងលិខិតមួយផ្ញើទៅកាន់អ្នកចូលរួមនៃវេទិកាធុរកិច្ចថាមពលរុស្ស៊ី-ចិនលើកទី៤ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានកត់សម្គាល់ថា ទំនាក់ទំនងរវាងរុស្ស៉ី និងចិន កំពុងអភិវឌ្ឍជាលំដាប់ បើទោះបីជាស្ថានការណ៍ក្នុងពិភពលោក មិនស្ថិតស្ថិរក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ពូទីន បានគូសបញ្ជាក់បន្ថែមទៀតថា «ទោះបីជាសភាពការណ៍អន្តរជាតិមានភាពស្មុគស្មាញក៏ដោយ តែភាពជាដៃគូទូលំទូលាយនិងទំនាក់ទំនងអន្តរកម្មយុទ្ធសាស្ត្ររវាងរុស្ស៊ី និងចិននៅតែបន្តអភិវឌ្ឍទៅមុខ។ ចំណែក ឧស្សាហកម្មថាមពលនៅតែជាផ្នែកមួយដ៏សំខាន់ និងមានការវិវត្តន៍យ៉ាងឆាប់រហ័សបំផុត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់យើង»

បើតាមលោក ពូទីន ថ្មីៗនេះប្រទេសទាំងពីរបានទទួលជោគជ័យ ក្នុងការធានានូវទំនាក់ទំនងទ្វេភាគីកម្រិតខ្ពស់ នៅក្នុងវិស័យប្រេង ឧស្ម័ន ធ្យូងថ្ម និងថាមពល ហើយពួកគេក៏ធ្វើការជាប់លាប់ ដើម្បីអនុវត្តគម្រោងខ្នាតធំរួមគ្នាលើដំណើរការ រោងចក្រថាមពលនុយក្លេអ៊ែរ របស់ប្រទេសចិន និងការផលិតឧស្ម័នធម្មជាតិរាវ ផងដែរ។

គួរបញ្ជាក់ថា វេទិកាធុរកិច្ចថាមពលរុស្ស៊ី-ចិន ត្រូវបានរៀបចំឡើងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងធានាឲ្យមានកិច្ចសន្ទនាជាទៀងទាត់ រវាងមន្ត្រីរដ្ឋាភិបាល ជាមួយសាជីវកម្មឧស្សាហកម្មឈានមុខ ស្ថាប័នធនាគារ និងសហគមន៍អ្នកជំនាញ នៃប្រទេសទាំងពីរ៕