(បាលី, ឥណ្ឌូណេស៉ី)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ា យី (Wang Yi) បាននិយាយនៅថ្ងៃអង្គារនេះថា ទីក្រុងប៉េកាំងនឹងសហការជាមួយទីក្រុងម៉ូស្គូ ដើម្បីកសាងពិភពលោកពហុប៉ូលមួយ ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡារ៉ូវ (Sergey Lavrov) នៅខាងក្រៅកិច្ចប្រជុំ G20 នៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងការបរទេសចិន បានឲ្យដឹងថា ក្នុងជំនួបខាងលើនេះ លោក វ៉ាង បានគូសបញ្ជាក់ថា «ចិនបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយរុស្ស៊ី និងប្រទេសដែលមានគំនិតដូចគ្នាផ្សេងទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍនៃពិភពលោកពហុប៉ូល។ គាំទ្រយ៉ាងរឹងមាំនូវលទ្ធិប្រជាធិបតេយ្យនៃទំនាក់ទំនងអន្តរជាតិ និងការពារប្រព័ន្ធអន្តរជាតិដោយផ្អែកលើអង្គការសហប្រជាជាតិ»

ក្នុងជំនួបដ៏ស្និទ្ធស្នាលជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក វ៉ាង ក៏បាននិយាយផងដែរថា «ទីក្រុងប៉េកាំងនឹងបន្តប្រកាន់គោលជំហរយុត្តិធម៌ លើជម្លោះនៅអ៊ុយក្រែន និង ដើរតួនាទីស្ថាបនាក្នុងការសម្របសម្រួលកិច្ចចរចាសន្តិភាព»

គួរបញ្ជាក់ថា សុន្ទរកថារបស់លោក វ៉ាង នាពេលនេះ បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង នៅពេលដែលពេលដែលមេដឹកនាំទាំងពីរជួបគ្នានៅទីក្រុងប៉េកាំង កាលពីដើមខែកុម្ភៈ។ លោក ពូទីន ក៏ធ្លាប់បាននិយាយដែរថា លោក និងលោក ស៊ី មានទស្សនៈដូចគ្នាភាគច្រើនលើការដោះស្រាយបញ្ហារបស់ពិភពលោក៕