(បាលី, ឥណ្ឌូណេស៉ី)៖ ប្រធានាធីបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ (NATO) កំពុងស៊ើបអង្កេតការបំផ្ទុះដែលបានសម្លាប់មនុស្សពីរនាក់ នៅក្នុងប្រទេសប៉ូឡូញ ប៉ុន្តែព័ត៌មានដំបូងបង្ហាញថា វាប្រហែលជាមិនមែនបណ្តាលមកពីការបាញ់មីស៉ីលពីរុស្ស៊ីនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំបន្ទាន់នៅឯកោះបាលី ប្រទេសឥណ្ឌូនេស៊ី ជាមួយមេដឹកនាំ G7 ក្រោយការផ្ទុះដ៏សាហាវនៅក្នុងប្រទេសប៉ូឡូញ ដែលអាជ្ញាធរអ៊ុយក្រែន និងប៉ូឡូញ អះអាងថា បណ្តាលមកពីមីស៊ីលដែលផលិតដោយរុស្ស៊ី លោក បៃដិន គូសបញ្ជាក់ថា «វាលឿនពេកក្នុងការនិយាយថាមីស៉ីលនេះ ត្រូវបានបាញ់ចេញពីរុស្ស៊ី ហើយវានៅមានព័ត៌មានផ្សេងទៀតត្រូវផ្ទៀងផ្ទាត់។ ខ្ញុំមិនចង់និយាយនោះទេ រហូតដល់យើងបញ្ចប់ស៊ើបអង្កេតវាទាំងស្រុង ប៉ុន្តែវាដូចជាមិនទំនងថាបានបាញ់ចេញពីរុស្ស៊ីទេ ប៉ុន្តែយើងនឹងរកឲ្យឃើញ»

លោក បៃដិន បានបន្ថែមថា «យើងយល់ព្រមគាំទ្រការស៊ើបអង្កេតរបស់ប្រទេសប៉ូឡូញ លើករណីផ្ទុះនៅតំបន់ជនបទប៉ូឡូញ ជិតព្រំដែនអ៊ុយក្រែន ហើយបន្ទាប់មកយើងនឹងប្រមូលព័ត៌ស៊ើបអង្កេតមកដាក់លើតុ ដើម្បីស្វែងរកការឯកភាពគ្នាទាំងស្រុងពីអ្វីដែលបានកើតឡើង»

គួរបញ្ជាក់ថា គោលការណ៍ការពារសមូហភាពរបស់ណាតូ ក្នុងមាត្រាទី៥ បានចែងថាការវាយប្រហារលើសមាជិកមួយនៃសម្ព័ន្ធមិត្តលោកខាងលិច ត្រូវបានចាត់ទុកថាជាការវាយប្រហារលើទាំងអស់គ្នា។ ប្រសិនបើរកឃើញថាការបំផ្ទុះនេះធ្វើឡើងដោយរុស្ស៉ីមែននោះ ណាតូ អាចចាប់ផ្តើមការពិចារណាលើការឆ្លើយតបខាងយោធាដ៏មានសក្តានុពល៕