(ផ្ល័រីដា)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅយប់ថ្ងៃអង្គាសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បាននិយាយថានឹងរារាំងមិនឱ្យលោក ចូ បៃដិន ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកសាជាថ្មី នៅឆ្នាំ២០២៤ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងនៅចំពោះមុខអ្នកគាំទ្រនៅឯភូមិគ្រឹះ Mar-a-Lago ក្នុងរដ្ឋផ្ល័រីដា លោក ដូណាល់ ត្រាំ ក៏បានប្រកាសជាផ្លូវការផងដែរថានឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីតំណាង ឱ្យគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ដើម្បីធ្វើឱ្យសហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀត នៅយប់នេះខ្ញុំប្រកាស ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៃសហរដ្ឋអាមេរិក»។ លោកបន្ថែមទៀតថា «ខ្ញុំនឹងធានាឱ្យបានថាលោក ចូ បៃដិន នឹងមិនទទួលបានអាណត្តិ៤ឆ្នាំបន្ថែមទៀតនោះទេ»

គួរបញ្ជាក់ថា លោក ចូ បៃដិន​ មានអាយុ ៧៩ឆ្នាំ មិនទាន់ប្រកាសជាផ្លូវការថានឹងឈរឈ្មោះបោះឆ្នោតម្ដងទៀត ឬក៏យ៉ាងនោះទេ តែសមាជិកគណបក្សប្រជាធិបតេយ្យខ្លះ បានអំពាវនាវឱ្យលោកកុំឈរឈ្មោះសាជាថ្មី ដោយសារបញ្ហាអាយុរបស់លោក៕