(វ៉ាសូវី)៖ ប៉ូឡូញ ដែលជាសមាជិកបក្សសម្ព័ន្ធយោធាណាតូ (NATO) នៅថ្ងៃពុធនេះបានអះអាងថាមីស៊ីលមួយគ្រាប់ផលិតដោយរុស្ស៉ី បានធ្លាក់ចំតំបន់ភាគខាងកើត នៃប្រទេសរបស់ខ្លួន ស្ថិតនៅក្បែរព្រំដែនជាមួយអ៊ុយក្រែន ហើយបានកោះហៅអគ្គរដ្ឋទូតរុស្ស៉ីប្រចាំទីក្រុងវ៉ាសូវី មកសួរនាំ ក្រោយទីក្រុងមូស្គូបដិសេធថាខ្លួនមិនមែន ជាអ្នកបាញ់មីស៊ីលនេះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាមក្រសួងការបរទេសប៉ូឡូញ មីស៊ីលមួយគ្រាប់បានធ្លាក់ចំភូមិ ផ្សេវ៉ូដូវ (Przewodow) ស្ថិតនៅភាគខាងកើតប្រទេសប៉ូឡូញ នៅចម្ងាយប្រហែល ៦គីឡូម៉ែត្រពី ព្រំដែនអ៊ុយក្រែន នៅម៉ោង៣៖៤០នាទីរសៀលកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយបានផ្ដាច់ជីវិតមនុស្ស២នាក់។ រីឯសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច បាននិយាយថាពួកគេកំពុងបើកការស៊ើបអង្កេត ដោយមិនទាន់អាចបញ្ជាក់ថាតើនរណាជាអ្នកនៅពីក្រោយការវាយប្រហារនេះនៅឡើយទេ។

គួរបញ្ជាក់ថា​ មេដឹកនាំណាតូ និងមេដឹកនាំប្រទេសជាដៃគូ បានកោះប្រជុំគ្នានៅថ្ងៃពុធនេះ ដើម្បីពិភាក្សាជុំវិញគ្រាប់មីស៊ីលធ្លាក់ចូលទឹកដីប៉ូឡូញ ខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់សមភាគីប៉ូឡូញរបស់លោកថាទីក្រុងវ៉ាស៊ីនតោនមានការប្ដេជ្ញាចិត្តឥតងាករេចំពោះណាតូ ហើយនឹងគាំទ្រ ការស៊ើបអង្កេតរបស់ប៉ូឡូញ៕