(ប៉ាលី)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសមភាគីតួកគី លោក រ៉េជីប អ៊ែរដូហ្កាន កាលពីថ្ងៃអង្គារ (១៥ វិច្ឆិកា) បានពិភាក្សាអំពីការបំផ្ទុះគ្រាប់បែកដ៏សាហាវនៅទីក្រុងអ៊ីស្តង់ប៊ុល និងការខិតខំប្រឹងប្រែងអន្តរជាតិក្នុងការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

មេដឹកនាំទាំងពីរបានពិភាក្សាគ្នានៅក្រៅកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដោយនិយាយអំពីបញ្ហាមួយចំនួនដែលជាចំណុចស្នូលនៃទំនាក់ទំនងជិតស្និទ្ធ ប៉ុន្តែជាញឹកញាប់តែងតែមានភាពរកាំរកូសរវាងប្រទេសទាំងពីរ។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន បានសម្តែង «ការរំលែកទុក្ខយ៉ាងជ្រាលជ្រៅ» ចំពោះសោកនាដកម្មស្លាប់មនុស្ស ០៦នាក់នៅក្នុងការវាយប្រហារ ដោយគ្រាប់បែកនៅលើផ្លូវដ៏មមាញឹកក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃអាទិត្យដោយសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកឈរនៅខាងសម្ព័ន្ធមិត្តណាតូរបស់ខ្លូនជានិច្ច។

ក្នុងជំនួបនេះ មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាលើ កិច្ចព្រមព្រៀងអន្តរជាតិដើម្បីដឹកជញ្ជូនការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ឆ្លងកាត់សមុទ្រខ្មៅទៅកាន់ទីផ្សារពិភពលោកផងដែរ៕