(បាលី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បាននិយាយនៅថ្ងៃអង្គារនេះថា លោកមានការពិភាក្សាជាវិជ្ជមានជាមួយប្រធានាធិបតីចិន លោក ស៉ី ជិនពីង ជុំវិញការហាមឃាត់ផ្នែកពាណិជ្ជកម្ម ដែលធ្វើឡើងដោយទីក្រុងប៉េកាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំទ្វេភាគីជាមួយលោក ស៉ី នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅឯកោះបាលីនៃប្រទេសឥណ្ឌូណេស៉ី លោក អាល់បានីស បានគូសបញ្ជាក់ថា «ខ្ញុំបានបង្ហាញពីជំហររបស់ប្រទេសអូស្ត្រាលី នៅពេលនិយាយអំពីការរាំងស្ទះនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរបស់យើង។ វាគឺជាការពិភាក្សាដ៏វិជ្ជមាន ដោយយើងបានដាក់ចេញនូវគោលជំហររបស់យើង ដែលមិនដូចនឹងសេចក្តីប្រកាសកាលពីមុននោះទេ»។

គួរបញ្ជាក់ថា ជំនួបប្រជុំរវាងមេដឹកនាំចិន និងអូស្រ្តាលី កំលុងកិច្ចប្រជុំកំពូល G20 នេះគឺជាជំនួបលើកដំបូងបំផុត ក្រោយការធ្លាក់ដុនដាបនៃទំនាក់ទំនង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ៕