(យូអិន)៖ អង្គការសហប្រជាជាតិ (UN) បានប្រកាសថា ចំនួនប្រជាជននៅលើពិភពលោក កើនដល់ដល់៨ពាន់លាននាក់ហើយ នៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាម UN កំណើនប្រជាជនខាងលើ គឺដោយសារការអភិវឌ្ឍរបស់មនុស្សលោក ខណៈមនុស្សភាគច្រើនអាចមានអាយុវែងៗ ដោយសារតែភាពប្រសើរឡើង នៃវិស័យសុខាភិបាលសាធារណៈ អាហារូបត្ថម្ភ ឱសថ ព្រមទាំងអនាម័យផ្ទាល់ខ្លួន។ ទន្ទឹមគ្នានេះ វាក៏ជាលទ្ធផលនៃអត្រាកំណើតខ្ពស់ ជាពិសេសនៅតាមប្រទេសក្រីក្រផងដែរ ដែលភាគច្រើនគឺនៅតំបន់ភាគខាងត្បូង ​នៃវាលខ្សាច់សាហារ៉ាទ្វីបអាហ្រ្វិក ឬហៅថា sub-Saharan Africa។

ធៀបនឹងចំនួនប្រជាជនពិភពលោក២.៥ពាន់លាននាក់ កាលពីឆ្នាំ១៩៥០ តួលេខឥឡូវគឺច្រើនជាងលើសពី៣ដង។ យ៉ាងណាមិញ ក្រោយកើនដល់កម្រិតកំពូល នៅដើមទសវត្សរ៍ឆ្នាំ១៩៦០ អត្រាកំណើនប្រជាជនសកល បានថយចុះជាខ្លាំងមកទល់ពេលនេះ។ អត្រាកំណើនប្រចាំឆ្នាំ បានធ្លាក់ពីអត្រាដ៏ខ្ពស់គឺ២.១ភាគរយ កាលពីចន្លោះឆ្នាំ១៩៦២-១៩៦៥ មកត្រឹមក្រោម១ភាគរយ នៅក្នុងឆ្នាំ២០២០។

UN បានព្យាករថា អត្រានេះអាចនឹងបន្តធ្លាក់ថែមទៀត គឺដល់ខ្ទង់០.៥ភាគរយ នៅត្រឹមឆ្នាំ២០៥០ ដោយសារតែការបន្តថយចុះ នៃអត្រាកំណើតថ្មី។ បើតាម UN ចំនួនប្រជាជនពិភពលោក នឹងបន្តកើនដល់ប្រហែល ៨.៥ពាន់លាននាក់ នៅឆ្នាំ២០២០, ៩.៧ពាន់លាននាក់ នៅឆ្នាំ២០៥០ និងដល់ចំនួនកំពូលគឺប្រមាណ ១០.៤ពាន់លាននាក់ នៅអំលុងទសវត្សរ៍ឆ្នាំ២០៨០។

ដោយឡែក វិទ្យាស្ថាន IHME ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ធ្លាប់បានប៉ាន់ស្មានក្នុងការសិក្សាមួយ កាលពីឆ្នាំ២០២០ថា ប្រជាជនលើភពផែនដី នឹងបន្តកើនដល់ចំនួនច្រើនបំផុតនៅត្រឹមឆ្នាំ២០៦៤ តែមិនដល់ខ្ទង់១០ពាន់លាននាក់ឡើយ ហើយថយមកនៅ៨.៨ពាន់លាននាក់ ត្រឹមឆ្នាំ២១០០៕