(ប៉េកាំង)៖ ថ្ងៃទី១៤ ខែវិច្ឆិកា ស្របពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅកាន់ប្រទេសឥណ្ឌូណេស៊ីនិងប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេស G20 និងកិច្ចប្រជុំក្រៅផ្លូវការនៃប្រមុខរដ្ឋ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក APEC ហើយអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅប្រទេសថៃ ភាពយន្តភាគ «ប្រយោគដែលលោក Xi Jinping ចូលចិត្ត» (ភាសាឥណ្ឌូណេស៊ីនិងភាសាថៃ) និងភាពយន្តឯកសារជាពហុភាសា «ប្រទេសចិន ក្នុងដំណើរការថ្មី» ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈឹមចិន បានធ្វើពិធីសម្ពោធចាក់ផ្សាយនៅទីក្រុងប៉េកាំង។

លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន បានអញ្ជើញថ្លែងសុន្ទរកថា។ អគ្គនាយកនៃទូរទស្សន៍ជាតិ ប្រទេសជាច្រើនទាំងកម្ពុជា ឥណ្ឌូណេស៊ី ថៃ ឥណ្ឌា ឡាវ នីហ្សេរីយ៉ា ប៉ាគីស្ថាន ស្រីលង្កា តួកគីជាដើមនិងអ្នកទទួលខុសត្រូវ ប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃប្រទេសទាំងនេះ បានអញ្ជើញចូលរួមពិធីសម្ពោធតាមអនឡាញ។

លោក Shen Haixiong បានលើកឡើងថា ភាពយន្តឯកសារ «ប្រទេសចិន ក្នុងដំណើរការថ្មី» ដែលសហការផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈឹមចិននិងទូរទស្សន៍ជាតិប្រទេសចំនួន៨ បានកត់ត្រានូវរឿងរ៉ាវដ៏រស់រវើកខុសៗគ្នា ដើម្បីបង្ហាញនូវការខិតខំរបស់ប្រទេសចិន ក្នុងការស្វែងរកឥតឈប់ឈរ ដើម្បីសម្រេចបាន ទំនើបភាពតាមបែបផែនចិន។

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈឹមចិន មានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការជាមួយ ប្រព័ន្ធសារព័ត៌មានបណ្តាប្រទេសលើលោក ឲ្យស៊ីជំរៅថែមមួយកម្រិតទៀត ដើម្បីរួមចំណែកខាងប្រព័ន្ធសារព័ត៌មាន ក្នុងការជំរុញឲ្យសន្តិភាពនិងវឌ្ឍនភាព នៃពិភពលោក ក៏ដូចជាការជំរុញបង្កើតសហគមន៍រួមវាសនា នៃមនុស្សជាតិផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន