(ប៉េកាំង)៖ ថ្ងៃទី១៤ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយ លោកបៃដិនប្រធានាធិបតីអាមេរិក នៅកោះបាលីប្រទេសឥណ្ឌូណេស៊ី។ បន្ទាប់ពីកិច្ចជំនួប លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានថ្លែងអំពីកិច្ចជំនួបនេះទៅកាន់ប្រព័ន្ធសារព័ត៌មាន ព្រមទាំងឆ្លើយសំណួរពាក់ព័ន្ធ។

លោក Wang Yi បានថ្លែងថា កិច្ចជំនួបប្រមុខរដ្ឋលើកនេះ មិនត្រឹមតែប្រកបដោយអត្ថន័យណែនាំជាក់ស្តែងនោះទេ ថែមទាំងក៏នឹងមានឥទ្ធិផលយ៉ាងសំខាន់ និងវែងឆ្ងាយចំពោះទំនាក់ទំនងចិននិងអាមេរិក ក្នុងដំណាក់កាលក្រោយរហូតដល់ រយៈពេលកាន់តែយូរផងដែរ។

ទីមួយគឺបានកំណត់នូវទិសដៅមួយ ពោលគឺត្រូវបង្ការកុំឱ្យទំនាក់ទំនងចិននិងអាមេរិកដើរ ខុសគន្លងនិងបាត់បង់ការគ្រប់គ្រង រកឱ្យឃើញវិធីសាស្រ្តរួមរស់នៅដ៏ត្រឹមត្រូវ រវាងប្រទេសធំទាំងពីរ។ ទីពីរគឺបានកំណត់ក្របខណ្ឌមួយ ពោលគឺត្រូវរួមគ្នាពិគ្រោះពិភាក្សា ដើម្បីកំណត់គោលការណ៍ណែនាំ ទំនាក់ទំនងចិននិងអាមេរិក ឬមួយក៏អាចនិយាយថា ក្របខណ្ឌយុទ្ធសាស្ត្រ។ ទីបីចាប់ដំណើរការនូវដំណើរមួយ គឺត្រូវអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួម របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ គ្រប់គ្រងនិងលំនឹងឱ្យបានល្អ នូវទំនាក់ទំងងចិននិងអាមេរិក។

គួររំលឹកថា ភាគីចិនមានគោលការណ៍និងខ្សែបន្ទាត់ក្រហម ដែលខ្លួនបានប្រកាន់ខ្ជាប់តាំងពីដើមមក ចាំបាច់ត្រូវគាំពារយ៉ាងមុតមាំនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់និងត្រឹមត្រូវ មិនចុះញ៉មចំពោះអំពើអនុវត្តរភាព និងការជិះជាន់ណាមួយនោះទេ។ ភាគីអាមេរិកត្រូវអនុវត្តតាមការសម្តែងឥរិយាបថជា វិជ្ជមានរបស់លោកប្រធានាធិបតីបៃដិន តាមរយៈ ការដាក់ចេញគោលនយោបាយនិងប្រតិបត្តិការជាក់ស្តែង បញ្ឈប់ការទប់ស្កាត់និងរារាំងលើប្រទេសចិន បញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន បញ្ឈប់ការបំផ្លាញអធិបតេយ្យភាព សន្តិសុខ ការអភិវឌ្ឍនិងផលប្រយោជន៍របស់ចិន ហើយងាកមកដើរស្របតាមទិសដៅរួម ជាមួយចិនដើម្បីពង្រឹងគ្រឹះមូលដ្ឋានដ៏រឹងមាំ នៃទំនាក់ទំនងចិននិងអាមេរិក ឱ្យអភិវឌ្ឍប្រកបដោយស្ថិរភាពនិងយូរអង្វែង៕

វិទ្យុមិត្តភាពកម្ពុជាចិន