(មូស្គូ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក អាឡិចសាន់ដឺ គ្រូស្កូ (Alexander Grushko) បាននិយាយថា បក្សសម្ព័ន្ធយោធាលោកខាងលិច ណាតូ (NATO) គឺជាអង្គការដែលមិនអាចរស់នៅ ដោយពុំមានសត្រូវបានឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកអនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី បានថ្លែងប្រាប់សារព័ត៌មាន Sputnik យ៉ាងដូច្នេះថា «NATO គឺជាអង្គការមួយ ដែលមិនអាចរស់ ដោយមិនមានគូសត្រូវបានឡើយ។ បើគ្មានសត្រូវទេនោះ អង្គការនេះនឹងស្លាប់ជាក់ជាពុំខាន។ អ្វីដែលសំខាន់បំផុតសម្រាប់ NATO គឺបង្កើតឱ្យមានរូបភាពជាសត្រូវ ហើយរំកិលខ្លួនទៅក្បែរព្រំប្រទល់សត្រូវ ដែលពួកគេបង្កើតរូបភាពឡើងនោះ»។

លោក គ្រូស្កូ បានកត់សម្គាល់បន្ថែមថា ពេលបច្ចុប្បន្ននេះ NATO កំពុងតែរីកសាយទៅកាន់តំបន់ថ្មីៗ ពោលគឺមិនមែននៅតែអឺរ៉ុប​ទៀតនោះទេ ហើយកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន នៅជុំវិញប្រទេសចិន។ លោក គ្រូស្កូ បានអះអាងថា «ឥឡូវពួកគេបានប្រកាសរួចស្រេចហើយថា អាស៉ីគឺជាតំបន់នៃផលប្រយោជន៍របស់បក្សសម្ព័ន្ធយោធានេះ ហើយបានរំកិលតំបន់ការ​ពាររបស់ខ្លួន ឆ្ពោះទៅក្បែរព្រំប្រទល់ចិន»។

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ក៏បានចោទប្រកាន់ សហរដ្ឋអាមេរិក និងបណ្តារដ្ឋដទៃទៀតដែលជាសមាជិក NATO ផងដែរថា កំពុងព្យាយាមលូកលាន់ចូលទៅកាន់តំបន់អាស៊ាន ហើយបង្កើតសម្ព័ន្ធភាពយោធា នៅទីនោះ ដើម្បីទប់ទល់ចិនក៏ដូចជារុស្ស៉ី៕