(ឡុងដ៍)៖ ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស នៅថ្ងៃអង្គារនេះបានសេចក្តីថ្លែងការណ៍ឱ្យដឹងថា ចក្រភពអង់គ្លេសនឹងចំណាយ ថវិកាចំនួន៤.២ពាន់លានផោន ឬស្មើនឹង៤.៩ពាន់លានដុល្លារអាមេរិក ទៅលើនាវាចម្បាំងថ្មីៗចំនួន៥គ្រឿង ដើម្បីពង្រឹងសន្តិសុខ នៅចំពោះមុខការគំរាមកំហែងកាន់តែកើនឡើង ពីសំណាក់ប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍នោះ បានលើកឡើងដូច្នេះថា «ចក្រភពអង់គ្លេសនិងសម្ព័ន្ធមិត្ត កំពុងចាត់វិធានការពង្រឹងសន្តិសុខរបស់ខ្លួន នៅចំពោះមុខការកើនឡើង នៃការគំរាមកំហែងរបស់រុស្ស៉ី។ សកម្មភាពរបស់រុស្ស៉ីធ្វើឱ្យយើងទាំងអស់គ្នា ប្រឈមនឹងហានិភ័យ។ ខណៈយើងផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រដែលពួកគេត្រូវការ ពួកយើងផ្ទាល់ក៏កំពុងខិតខំបង្កើនការការពារសម្រាប់ខ្លួនឯងផងដែរ ក្នុងនោះរួមមានទាំងការសាងសង់នាវាចម្បាំងជំនាន់ថ្មី»

ផែនការចំណាយខាងលើ គឺជាដំណាក់កាលបន្ទាប់ នៃកម្មវិធីមួយដែលក្នុងនោះ នាវាចម្បាំងចំនួន៣គ្រឿង ស្ថិតក្រោមដំណើរការ​សាងសង់រួចជាស្រេច។ បូកបន្ថែមជាមួយនាវាចម្បាំង៥គ្រឿងថ្មី ដែលទើបតែប្រកាសនេះ នាវាចម្បាំងសរុបទាំង៨គ្រឿង ត្រូវរំពឹង​ថានឹងសាងសង់រួចរាល់ជាស្ថាពរទាំងអស់ នៅត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០។

គួរបញ្ជាក់ថា បច្ចុប្បន្ននាយករដ្ឋមន្រ្តីអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak) កំពុងស្ថិតនៅកោះបាលីនៃប្រទេសឥណ្ឌូណេស៉ី សម្រាប់កិច្ចប្រជុំកំពូល G20 ជាទីដែលគេរំពឹងថា ទីក្រុងមូស្គូនឹងទទួលរងសម្ពាធក៏ដូចជាការថ្កោលទោស ជុំវិញទង្វើឈ្លានពាន​របស់ខ្លួនលើអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានសម្រេចមិនទៅចូលរួមកិច្ចប្រជុំនេះឡើយ ដោយលោកបាន​បញ្ជូនរដ្ឋមន្រ្តីការបរទេសឱ្យទៅជំនួស៕