(សេអ៊ូល)៖ ក្រុមអ្នកស្រាវជ្រាវអាមេរិក នៅថ្ងៃអង្គារនេះបាននិយាយថា ប្រជាជនកូរ៉េខាងជើងរហូតដល់៧លាននាក់ បានប្រើប្រាស់ទូរស័ព្ទដៃជារៀងរាល់ថ្ងៃ ហើយបណ្តាញអ៉ីនធើណេត WiFi ត្រូវបានពង្រីកយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែសារៈសំខាន់នៃការប្រើប្រាស់ទូរស័ព្ទចល័ត សម្រាប់ទីផ្សារក្នុងប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ម៉ាទីន វីលៀមស៍ (Martyn Williams) និងអ្នកនាង ណាតាលៀ ស្លេវនី (Natalia Slavney) អ្នកស្រាវជ្រាវមកពីកម្មវិធី 38 North របស់មជ្ឈមណ្ឌល Stimson មានមូលដ្ឋាននៅទីក្រុងវ៉ាស៉ីនតោន បានឲ្យដឹងថា ការសិក្សាលើបច្ចុប្បន្នភាពថ្មីចុងក្រោយ នៃទំនាក់ទំនងឌីជីថលក្នុងប្រទេសកូរ៉េខាងជើង ដែលរួមបញ្ចូលការវិភាគលើផ្កាយរណប និងការស្ទង់មតិលើអ្នករត់ចោលស្រុក ប្រហែល៤០នាក់ ដែលបានភៀសខ្លួនចេញពីភាគខាងជើងចន្លោះឆ្នាំ២០១៧ និងឆ្នាំ២០២១ បង្ហាញពីការកើនឡើង នូវការប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ឌីជីថល។

អ្នកនាង ស្លេវនី បានគូសបញ្ជាក់ថា «ជាង៩០% នៃមនុស្សដែលបានចូលរួមក្នុងការស្ទង់មតិបានរាយការណ៍ថា ពួកគេបានប្រើប្រាស់ទូរស័ព្ទជារៀងរាល់ថ្ងៃ ហើយការហៅទូរស័ព្ទភាគច្រើនត្រូវបានធ្វើឡើងទៅកាន់សមាជិកគ្រួសារ និងពាណិជ្ជករ»។ រីឯ លោក វីលៀម បានលើកឡើងផងដែរថា «បណ្តាញអ៉ីនធឺណេតគ្របដណ្តប់ទូទាំងប្រទេស បានពង្រីកបន្ថែម។ យើងកំពុងស្វែងរកស្ថានីយ៍មូលដ្ឋាន ជាទីដែលកាលពីពីរឆ្នាំមុន មិនមានអង់តែននៅទីនោះ»

គួរបញ្ជាក់ថា ចាប់តាំងពីបណ្តាញ 3G ដំណើរការក្នុងឆ្នាំ២០០៨ ចំនួនអ្នកប្រើប្រាស់បានកើនឡើងដល់ ៦.៥លាននាក់ ទៅចំនួន៧លាននាក់ ឬច្រើនជាងមួយភាគបីនៃប្រជាជនកូរ៉េខាងជើង សរុបចំនួន២៥លាននាក់៕