(ហ្សាកាតា)៖ ជំនួបរវាងលោក ចូ បៃដិន ជាមួយនិងលោក ស៊ី ជីនពីង ក្នុងប្រទេសឥណ្ឌូណេស៊ី កំពុងតែជួយត្រួសត្រាយផ្លូវមួយដើម្បីរកការបញ្ចៀស ការប្រឈមភាពតានតឹងនានាលើសកលលោក។ កិច្ចប្រជុំកំពូលកាលពីល្ងាចថ្ងៃច័ន្ទ នៅលើកោះបាលី មុនពេលដែលមានកិច្ចប្រជុំ G20 ចាប់ផ្តើមនោះ បានជជែកលើវិធីត្រូវដោះស្រាយយ៉ាងណាមិនឱ្យមានសង្គ្រាមអាវុធនុយក្លេអ៊ែ័រ និងការបញ្ចៀសភាពតានតឹងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។

ពិភពលោកអាចដកដង្ហើមបានស្រួលបន្តិច បន្ទាប់ពីកិច្ចពិភាក្សារបស់ប្រធានាធិបតីអាមេរិក Joe Biden ជាមួយមេដឹកនាំចិន Xi Jinping នាដើមសប្តាហ៍នេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ ដោយប្រទេសមហាអំណាចទាំងពីរក្នុងសតវត្សរ៍ទី២១នេះ នៅតែស្ថិតលើផ្លូវដែលប៉ះទង្គិចគ្នាជាដដែល។ នេះជាការជួបទល់មុខគ្នាលើកដំបូងនៃមេដឹកនាំប្រទេសមហាអំណាចទាំង២​ លើសកលលោក បន្ទាប់ពីលោក​ ស៊ី ជីនពីង ទើបបានជាប់ឆ្នោតក្នុងអាណ្ណត្តិថ្មីបន្តជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន ជាមួយនឹងការរៀបចំសំពៅថ្មីរឹងមាំមួយរបស់ចិន ដើម្បីត្រៀមទប់ទល់ការធ្វើសង្គ្រាម ប្រឆាំងនឹងសហរដ្ឋអាមេរិក។

ក្នុងឳកាសជួបគ្នាកាលពីថ្ងៃច័ន្ទលើកោះបាលីនៃប្រទេសឥណ្ឌូណេស៊ីនោះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាន ថ្លែងបង្ហាញនូវអនុស្សាវរីយ៍ចាស់់ៗ ប្រាប់ទៅលោក ចូ បៃដិន ដែលបង្ហាញភាពទាក់ទាញគ្នាទៅវិញទៅមក៖ លោក ចូ បៃដិន បានថ្លែងរំលឹកប្រាប់លោក ស៊ី ជីនពីង ថា ទាំងរូបលោកនិងលោក ស៊ី ជីនពីង ធ្លាប់បានចំណាយពេលជាច្រើនមកហើយជាមួយគ្នា គិតចាប់តាំងពីលោកនិងលោក ស៊ី ជីនពីង ធ្លាប់បាននៅជាអនុប្រធានាធិបតី និងលោកថាការជួបនាពេលនេះ គឺលោកមានសេចក្តីរីករាយជាខ្លាំង។ លោក ចូ បៃដិន បានបន្តថា រូបលោកនិងលោកស៊ីជីនពីង មានរឿងជជែកគ្នាសំខាន់ និងគ្មានរឿងលាក់លៀមឡើយច្រើនឆ្នាំមកនេះ។ លោក ចូ បៃដិន ថ្លែងទៀតថាចាប់តាំងពីលោក បានក្លាយជាប្រធានាធិបតីអាមេរិកនោះមក គឺលោកស៊ីជីនពីងបានបង្ហាញនូវទឹកចិត្ត ដោយ ការនិយាយទូរ ស័ព្ទមកកាន់រូបលោកនិងនិយាយស្វាគមន៍…ចំណែករូបលោកវិញ ក៏បានស្វា គមន៍ដល់លោកស៊ីជីន ពីងវិញផងដែរ។

យោងតាមស៊ីអិនអិន កិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំង២កាលពីថ្ងៃច័ន្ទនៅប្រទេសឥណ្ឌូនេស៊ី បានផ្តល់លទ្ធផលសំខាន់ៗចំនួនពីរ គឺគោលជំហររួមដែលរុស្ស៊ីមិនត្រូវប្រើអាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន និងការរំពឹងទុកនៃកិច្ចចរចាស្តីពីអាកាសធាតុ រវាងអ្នកចរចាអាមេរិក និងចិន ដែលជាការជំរុញមួយសម្រាប់សន្និសីទស្តីពីអាកាសធាតុពិភពលោក COP 27 នៅប្រទេសអេហ្ស៊ីប។

ក្នុងជំនួបកំពូលនោះ លោក Biden ត្រូវបានគេរាយការណ៍ថា លោកបានបញ្ជាក់ប្រាប់លោក ស៊ីជីនពីងនូវកាតព្វកិច្ចត្រូវជួយពន្យល់ទប់ស្កាត់សកម្មភាពនុយក្លេអ៊ែ័រនិងមីស៊ីលកូរេខាងជើង ដែលបានធ្វើឱ្យតំបន់ប៉ាស៊ីហ្វិកស្ថិតក្នុងហានិភ័យ។ លោក ចូ បៃដិន បានថ្លែងថាដោយសារយើងជាអ្នកដឹកនាំនៃប្រទេសទាំង២ «យើងមានការរំលែកការទទួលខុសត្រូវដែលក្នុងទស្សនៈរបស់ខ្ញុំ គឺចង់បង្ហាញថាប្រទេសចិននិងសហរដ្ឋអាមេរិកត្រូវធ្វើការសម្រុះសម្រួលនូវការខ្វែងគំនិតគ្នា រារាំងការប្រកួតប្រជែងមិនឱ្យមានធ្លាក់ចូលក្បែរទំនាស់ណាមួយឡើយ និងការរកមធ្យោបាយដើម្បីយើងអាចធ្វើកិច្ចការជាមួយគ្នាលើបញ្ហាបន្ទាន់របស់សកល លោកដែលត្រូវការកិច្ចសហប្រតិបត្តិការទៅវិញទៅមករបស់យើង»

សេចក្តីថ្លែងការណ៍ជាសាធារណៈពីភាគីទាំងសងខាង បានបង្ហាញនូវមូលដ្ឋានសំខាន់ដែល ម្នាក់ៗទទួលស្គាល់នូវធម្មជាតិការប្រជែងប្រណាំងគ្នា ប៉ុន្តែភាគីទាំង២ក៏ចង់បង្ហាញនូវការធានា ការប្រជែងគ្នានេះ នឹងមិននាំជាការកើនកម្តៅជាការផ្ទុះឡើងនូវសង្គ្រាមនោះឡើយហើយយ៉ាង ហោចក៏ក្នុងវេលានេះនឹងមិនកើតឡើងដែរ។ តើពីភាគីចិននោះវិញ លោក ស៊ី ជីនពីង បានថ្លែង យ៉ាងណាវិញខ្លះ?៖ លោក ស៊ី ជីនពីង បានថ្លែងថាពិភពលោកបានធ្វើដំណើរមកដល់ផ្លូវបំបែកដែលគេមិនទាន់ដឹង ថាតើផ្លូវណាដែលនឹងត្រូវធ្វើដំណើរចេញពីច្រកនេះឡើយ។ លោក ស៊ី ជីនពីង បានថ្លែងថាសំណួរចង់ដឹងនេះ មិនមែនជាសំណួរដែលស្ថិតក្នុងអារម្មណ៍តែមួយរបស់លោកនោះទេ ប៉ុន្តែបណ្តាប្រទេសដទៃទៀតក៏សុទ្ធតែចង់ដឹងនូវចម្លើយនេះដូចគ្នា។ លោកថាពិភពលោករំពឹងថា ចិននិងសហរដ្ឋអាមេរិកនឹងធ្វើកិច្ចការនូវទំនាក់ទំនងនេះ និងបញ្ជាក់ទៀតថាជំនួបរវាងលោក នឹងលោក ចូ បៃដិន នៅថ្ងៃច័ន្ទ ទី១៤ វិច្ឆិកា ឆ្នាំ២០២២នេះទៀត កំពុងតែទាក់ទាញការចង់ដឹង របស់ពិភពលោកជាខ្លាំង។ លោក ស៊ី ជីនពីង បានថ្លែងថាដូច្នេះគេត្រូវតែធ្វើការនេះជាមួយនឹងប្រទេសទាំងអស់ ដើម្បីផ្តល់មកនូវក្តីសង្ឃឹមចំពោះសន្តិភាពពិភពលោក និងផ្តល់នូវការទុកចិត្តដ៏ធំធេងចំពោះស្ថិរភាពពិភពលោកនិងសន្ទុះទៅមុខខ្លាំងចំពោះការអភិវឌ្ឍន៍រួម»។

សហរដ្ឋអាមេរិកនិងប្រទេសចិនកំពុងនាំគ្នាធ្វើដំណើរទៅមុខ ដោយការបើកទ្វារនៃការចរចា ក្នុងលក្ខណៈប្រក្រតីសាឡើងវិញ ដែលក្នុងន័យនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នឹងរំពឹងការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅឆ្នាំក្រោយ។ ដំណើរការផ្លាស់ប្តូរដែលទើបចង់ឱ្យមានសាឡើងវិញនេះ ត្រូវបានផ្អាកចាប់តាំងពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ក្នុងខែសីហា ហើយបានបង្កឱ្យមានការតវ៉ាដ៏ខ្លាំងក្លារបស់ចិន ដែលបង្ខំដាក់ចេញនូវប្រតិបត្តិការយោធាដ៏ធំដើម្បី បង្ហាញការប្តេជ្ញាចិត្តរារាំងដាច់ខាតនូវអំពើអបគមន៍កោះតៃវ៉ាន់ចេញពីរង្វង់ការគ្រប់គ្រងរបស់សាធារណរដ្ឋប្រជាមានិតចិន។ ជំនួបរវាងលោក ស៊ី ជីនពីង ជាមួយនឹងលោក ចូ បៃដិន មានរយៈពេលវែងដល់ជាងបីម៉ោង។ ក្នុងកិច្ចពិភាក្សាក្នុងពេលនោះផងដែរ បញ្ហាកោះតៃ វ៉ាន់ក៏ត្រូវបានលើកឡើង។ លោក ចូ បៃដិន បានលើកឡើងជុំវិញសកម្មភាពរបស់ចិន ជុំវិញដែនកោះតៃវ៉ាន់។ កិច្ចពិភាក្សានោះ បានឈានបន្តចូលដល់រឿងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។ លោក ស៊ី ជីនពីង បានយល់ព្រមជាមួយនឹង លោក ចូ បៃដិន ដោយមេដឹកនាំពិភពលោកទាំង២ បានយល់ព្រមគ្នាថាមិនគួរឱ្យកើតមាននូវសង្គ្រាមនុយក្លេអ៊ែ័រឡើយ និងមេដឹកនាំទាំង២បានបញ្ជូននូវសញ្ញាដូចគ្នានេះប្រាប់ទៅមេដឹកនាំរុស្ស៊ី។ ពាក់ព័ន្ធនឹងបញ្ហាកូរេខាងជើងថែមទៀត កិច្ចពិភាក្សារវាងមេដឹកនាំទាំង២ បានផ្តោតលើការបាញ់មីស៊ីលនិងការត្រៀមបាញ់សាកល្បងអាវុធ នុយក្លេអ៊ែ័រដែលគេជឿថាក្រុងព្យុងយ៉ាង ត្រៀមនឹងធ្វើនាអនាគតខាងមុខនេះ។

ប្រភពពីប្រទេសចិននោះវិញ ទាក់ទងនឹងការជួបប្រជុំកំពូលនេះ សេចក្តីប្រកាសមួយរបស់រដ្ឋាភិបាលចិនបានចាត់ទុកជំនួបកំពូលរវាងមេដឹកនាំនៃប្រទេសមហាអំណាចទាំង២ មានភាព ស្មោះត្រង់និងមានន័យស្ថាបនា និងបញ្ហាតៃវ៉ាន់ គឺជារឿងចំណុចដែលស្ថិតជាអាទិភាពខ្ពស់ មួយ។ លោកស៊ីជីនពីង បានបញ្ជាក់យ៉ាងច្បាស់ប្រាប់ទៅលោកចូបៃដិន ថាបញ្ហាតៃវ៉ាន់គឺជា ខ្សែបន្ទាត់ក្រហមដែលមិនអាចត្រូវបានគេរំលោភបំពានបានឡើយ។ លោក ស៊ី ជីនពីង ត្រូវបានគេដកស្រង់សម្តីដែលបានគូសបញ្ជាក់ជុំវិញរឿងកោះតៃវ៉ាន់នេះថា «យើងសង្ឃឹមនិងយើង តែងតែប្រឹងប្រែងតស៊ូដើម្បីរក្សាសន្តិភាព, ស្ថិរភាពក្នុងដែនជ្រោយតៃវ៉ាន់ ប៉ុន្តែរឿងឯករាជ្យតៃ វ៉ាន់វិញ គឺខុសគ្នាពីរឿងសន្តិភាពនិងស្ថិរភាពក្នុងជ្រោយតៃវ៉ាន់នោះ គឺវាប្រៀបបានដូចជាទឹក និងភ្លើង»

សារព័ត៌មានចិន ដូចជាសារព័ត៌មាន China Daily បានសរសេរក្នុងចំណងជើងធំៗផ្សាយនៅថ្ងៃអង្គារ ទី១៥ វិច្ឆិកានេះ ដោយដកស្រង់សម្តីរបស់លោក ស៊ី ជីនពីង ដែលនិយាយថា «មេដឹកនាំ ចិននិងសហរដ្ឋអាមេរិក ចាំបាច់ត្រូវតែកំណត់នូវគោលដៅ ត្រឹមត្រូវសម្រាប់ទំនាក់ទំនងទ្វេភាគី»។ សេចក្តីរាយការណ៍បានបន្តថាក្នុងការធ្វើសន្និសីទកាសែត លោកចូបៃដិនហាក់ដូចជា បង្ហាញការយល់ព្រមជាមួយនឹងលោកស៊ីជីនពីង ដោយប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា There need not be a new cold war with China មានន័យថាមិនចាំបាច់ត្រូវមានសង្គ្រាមត្រ ជាក់ថ្មីណាមួយជាមួយនឹងប្រទេសចិនឡើយ៖ លោក ចូ បៃដិន បានបញ្ជាក់ក្នុងឃ្លាចុងក្រោយថា លោកមិនបានគិតថាសាធារណរដ្ឋប្រជាមានិតចិន មានបំណងភ្លាមៗក្នុងពេលខាងមុខនេះក្នុងការឈ្លានពានកោះតៃវ៉ាន់ឡើយ។កិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំង២នេះ បើទោះបីជាមានចំណុចខ្លះនៅប្រទាំងប្រទើសគ្នាជា ពិសេសបញ្ហាកោះតៃវ៉ាន់នោះមែន ប៉ុន្តែលទ្ធផលរបស់វាយ៉ាងហោចណាស់ គង់នឹងធ្វើឱ្យស្ថានភាពតានតឹងក្នុងពិភពលោក នឹងអាចធូរស្រាលបន្តិចផងដែរ។

សេចក្តីរាយការណ៍បង្ហាញថា ពេលនេះក្នុងក្របខណ្ឌថ្មី មួយដែលបានកំពុងកើតឡើងក្រោយលទ្ធផលនៃជំនួបនេះ គឺនឹងមានកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីក្នុងខុទ្ទកាល័យរបស់លោកចូបៃដិន ជាមួយនឹងបណ្តារដ្ឋមន្ត្រីខុទ្ទកាល័យក្នុងរដ្ឋបាលរបស់លោកស៊ី ជីនពីងដើម្បីការពិភាក្សាគ្នា សម្រួលលើបញ្ហាដែលធ្លាប់តែមានការខ្វែងគំនិតគ្នាកន្លងមក។ ហើយជាការចាប់ផ្តើមនោះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Anthony Blinken ត្រូវគេរាយការណ៍ថា លោកគ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីការបន្តពិភាក្សាដើម្បីការរក្សាស្ថានភាពកុំឱ្យធ្លាក់ក្នុង សភាពតានតឹងដូចមុននោះទៀតឡើយ៕