(ប៉ារីស)៖ ការិយាល័យប្រធានាធិបតីបារាំង បានឱ្យដឹងថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានទទូចប្រធានាធិបតីចិន លោក ស៉ី ជិនពីង នាថ្ងៃអង្គារនេះ ឱ្យជួយជំរុញរុស្ស៉ីត្រឡប់មកកាន់តុចរចាវិញ ជុំវិញបញ្ហាសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកមេដឹកនាំបារាំង-ចិន បានជួបពិភាក្សាគ្នា មុនការបើកកិច្ចប្រជុំកំពូល G20 នៅកោះបាលីនៃប្រទេសឥណ្ឌូណេស៉ី ជាទីដែល ទីក្រុងមូស្គូត្រូវស្ថិតក្រោមសម្ពាធ ជុំវិញការឈ្លានពានរបស់ខ្លួនរយៈពេល៨ខែមកនេះ លើអ៊ុយក្រែន ហើយនិងផលវិបាកដ៏អន្តរាយ​នៃសង្រ្គាម ដែលបានជះទៅលើតម្លៃស្បៀងអាហារនិងថាមពល របស់ពិភពលោក។

យោងតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យលោក ម៉ាក្រុង លោកប្រធានាធិបតីបារាំង បានអំពាវនាវឱ្យលោក ស៉ី ផ្ញើសារទៅកាន់​ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដើម្បីបញ្ចៀសការកើនឡើងកម្តៅកាន់តែខ្លាំងនៃជម្លោះ និងដើម្បីឱ្យទីក្រុងមូស្គូត្រឡប់មក​តុចរចាវិញ ដោយភាពប្រាកដប្រជា។ កំលុងការចាប់ផ្តើមនៃជំនួបនោះ លោក ម៉ាក្រុង បាននិយាយថា ប្រទេសទាំងអស់ត្រូវតែរួមកម្លាំងគ្នា ដើម្បីឆ្លើយតបចំពោះវិបត្តិអន្តរជាតិនានា ដូចជាសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែនជាដើម។

ដោយឡែកសម្រាប់លោក ស៉ី វិញ គឺលោកប្រធានាធិបតីចិន មិនបានធ្វើការលើកឡើងចំៗណាមួយ អំពីសង្រ្គាមនៅអ៊ុយក្រែនទេ ប៉ុន្តែលោកបានពិពណ៌នាពិភពលោកថា កំពុងស្ថិតក្នុងពេលវេលានៃអស្ថិរភាព និងការប្រែប្រួលឥតទៀងទាត់ ហើយលោកបាន​អំពាវនាវ ឱ្យមានការបើកចំហក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា។

គួរបញ្ជាក់ថា ជំនួបរវាងលោក ម៉ាក្រុង និងលោក ស៉ី បានកើតឡើង ១ថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីចិន បានជួបពិភាក្សាជាមួយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដោយមេដឹកនាំប្រទេសកំពូលមហាអំណាចទាំងពីរ បានប្តេជ្ញាទប់ស្កាត់ការប្រកួតប្រជែង​របស់ខ្លួន កុំឱ្យផ្ទុះចេញជាសង្រ្គាម។

វត្តមានរបស់លោក ស៉ី ជិនពីង នៅកោះបាលី ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកទី២ របស់លោក គិតចាប់តាំងតែពី ពេលលេចឡើងនៃជំងឺរាតត្បាតកូវីដ១៩ កាលពីចុងឆ្នាំ២០១៩មកនោះ គឺបានទាក់ទាញការផ្តោតចំណាប់អារម្មណ៍ខ្លាំងជាងគេ ដ្បិតប្រមុខរដ្ឋាភិបាលប្រទេសផ្សេងៗ កំពុងត្រៀមបើកជំនួបពិភាក្សាទល់មុខគ្នាផ្ទាល់ជាបន្តបន្ទាប់ ជាមួយមេដឹកនាំ នៃប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២ របស់ពិភពលោកមួយនេះ៕