(ប៉េកាំង)៖ កំលុងជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតិចិន លោក ស៉ី ជិនពីង បានគូសបញ្ជាក់ថា សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺសុទ្ធតែជាបំណងប្រាថ្នារួមរបស់មនុស្សជាតិទាំងមូល ហើយក៏ជាបំណងប្រាថ្នាឥតប្រែប្រួល របស់បក្សកុម្មុយនិស្តចិនផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

នាឱកាសនោះ លោកប្រធានាធិបតីចិនបានបន្តថា ដូចការដែលសហរដ្ឋអាមេរិក មានប្រជាធិបតេយ្យបែបអាមេរិកយ៉ាងដូច្នោះដែរ គឺប្រទេសចិនមានប្រជាធិបតេយ្យបែបចិន ហើយលក្ខណៈប្រជាធិបតេយ្យទាំងពីរនេះ គឺសមស្របទៅតាមស្ថានភាពនិងលក្ខខណ្ឌ របស់ប្រទេសជាតិរៀងៗខ្លួន។ បើតាមលោក ស៉ី ការអនុវត្តប្រជាធិបតេយ្យនៅក្នុងប្រទេសចិន គឺផ្អែកទៅលើតថភាព ប្រវត្តិសាស្រ្ត និងវប្បធម៌របស់ចិនផ្ទាល់ ហើយឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ប្រជាជនចិន។

លោក ស៉ី ជិនពីង បានសង្កត់ធ្ងន់ទៀតថា «យើងមានមោទកភាពខ្លាំងណាស់ ចំពោះប្រជាធិបតេយ្យបែបចិនរបស់ពួកយើង។ គ្មានប្រទេសណាមួយ ដែលមានប្រព័ន្ធប្រជាធិបតេយ្យល្អឥតខ្ចោះឡើយ ដោយវាតែងតែមានចន្លោះប្រហោង សម្រាប់ការអភិវឌ្ឍនិងកែតម្រូវបន្ថែមជានិច្ច។

នាពេលកន្លងមកនេះ ជារឿយៗលោកប្រធានាធិបតីអាមេរិក ធ្លាប់បានសំដៅស្ថានភាពបច្ចុប្បន្ន នៃនយោបាយពិភពលោក ថាជា ចំណុចដ៏សំខាន់បំផុតមួយ ដែលរូបលោកអះអាងថា គឺជាពេលដែលប្រជាជននៃប្រទេសនីមួយៗ ចាំបាច់ត្រូវតែជ្រើសរើសដោយ​ការប្រុងប្រយ័ត្នរវាងប្រព័ន្ធរដ្ឋាភិបាលបែបប្រជាធិបតេយ្យ ហើយនិងបែបផ្តាច់ផ្តាច់ការ ខណៈបើមិនដូច្នោះទេ ពិភពលោកអាចនឹង​ត្រូវផ្លាស់ប្តូរជារៀងរហូត។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃចន្ទសប្តាហ៍នេះ លោក ស៉ី ជិនពីង បានបើកកិច្ចប្រជុំទ្វេភាគីទល់មុខគ្នាផ្ទាល់ជាលើកដំបូង ជាមួយ លោក ចូ បៃដិន គិតចាប់តាំងពីលោក បៃដិន បានក្លាយជាប្រធានាធិបតីអាមេរិក កាលពីខែមករា ឆ្នាំ២០២១មក។ ជំនួបកំពូលនោះ ធ្វើឡើងនៅកោះបាលី នៃប្រទេសឥណ្ឌូណេស៉ី មុនការបើកកិច្ចប្រជុំកំពូល G20 នាថ្ងៃអង្គារនេះ៕