(ប៉េកាំង)៖ រសៀលថ្ងៃទី១៤ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញជួបសន្ទនាជាមួយលោកចូ បៃដិនប្រធានាធិបតីអាមេរិកនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

លោក Xi Jinping បានលើកឡើងថា ប្រទេសចិននិងអាមេរិក បានឆ្លងកាត់ភ្លៀងនិងខ្យល់ព្យុះជាច្រើន ក្នុងរយៈពេលជាង៥០ឆ្នាំ ដោយមានការទទួលបានផងមានការបាត់បង់ផង បានបទពិសោធន៍ផងនិងបានមេរៀនផង។ ប្រវត្តិសាស្ត្រជាសៀវភៅបង្រៀនល្អបំផុត។ យើងត្រូវតែរៀនពីប្រវត្តិសាស្ត្រ ហើយសម្លឹងទៅអនាគត។ បច្ចុប្បន្ន ស្ថានការណ៍នៃទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិក មិនស្របទៅនឹងផលប្រយោជន៍ជាក់ស្តែងរបស់ ប្រទេសនិងប្រជាជននៃប្រទេសទាំង២ចិននិងអាមេរិក ក៏មិនសមស្របទៅនឹងក្តីសង្ឃឹមរបស់ សហគមន៍អន្តរជាតិផងដែរ។

បើតាមលោក Xi ក្នុងឋានៈជាអ្នកដឹកនាំនៃមហាអំណាចទាំងពីរចិននិងអាមេរិក គួរតែស្វែងរកទិសដៅដ៏ត្រឹមត្រូវ នៃការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំង២ ដើម្បីជំរុញឲ្យទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកឡើងកម្រិត។ អ្នកនយោបាយគួរគិតពិចារណានិងបញ្ជាក់ឱ្យច្បាស់លាស់ នូវទិសដៅនៃការអភិវឌ្ឍរបស់ប្រទេសខ្លួន ក៏គួរគិតពិចារណានិងបញ្ជាក់ឱ្យច្បាស់លាស់ នូវវិធីសាស្ត្រចុះសម្រុងគ្នាជាមួយប្រទេសដទៃ និងជាមួយពិភពលោក។

លោក Xi Jinping បានថ្លែងបន្តទៀតថា បច្ចុប្បន្ន ការបម្រែបម្រួលនៃយុគសម័យកំពុងលាតត្រដាងតាមរយៈវិធីដែលមិនធ្លាប់មាន សហគមន៍មនុស្សជាតិកំពុងប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មាន ពិភពលោកកំពុងឈរនៅផ្លូវខ្វែងគ្នា។ សហគមន៍អន្តរជាតិរំពឹងទុកជាទូទៅថា ប្រទេសចិននិងអាមេរិកអាចដោះស្រាយទំនាក់ទំនង រវាងប្រទេសទាំង២ឲ្យបានល្អ។ កិច្ចសន្ទនារបស់យើងនៅថ្ងៃនេះទាក់ទាញ ការចាប់អារម្មណ៍ទូទាំងពិភពលោក។ យើងត្រូវរួមជាមួយប្រទេសនានា ដើម្បីបង្កើនក្តីសង្ឃឹមដល់សន្តិភាពពិភពលោក បង្កើនជំនឿចិត្តដល់ស្ថិរភាពពិភពលោក ព្រមទាំងបន្ថែមកម្លាំងចលក សម្រាប់ការអភិវឌ្ឍរួម។

លោក Xi បន្តថា ខ្ញុំរីករាយរួមជាមួយលោកប្រធានាធិបតីផ្លាស់ប្តូរ មតិយោបល់ដោយស្មោះត្រង់និងស៊ីជម្រៅជានិច្ច នូវបញ្ហាយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិក និងបញ្ហាសកលនិងតំបន់សំខាន់ៗ។ ខ្ញុំក៏រំពឹងទុកថា រួមខិតខំប្រឹងប្រែងជាមួយលោកប្រធានាធិបតី ដើម្បីជំរុញឲ្យទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិក វិលត្រឡប់ទៅមាគ៌ាស្ថិរភាពនិងស្អាតស្អំ ផ្តល់សុខុមាលភាពជូនចំពោះប្រទេសទាំង២ ព្រមទាំងផ្តល់ផលប្រយោជន៍ ដល់ពិភពលោកផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន