(កៀវ)៖ អ៊ុយក្រែន បានស្វាគមន៍ការអត្ថាធិប្បាយរបស់ចិនដែលបានរិះគន់ការគំរាមកំហែង ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ខណៈដែលមេដឹកនាំ G20 កំពុងជួបប្រជុំគ្នានៅឥណ្ឌូណេស៊ី នាថ្ងៃអង្គារនេះ ហើយបញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែនក៏ស្ថិតក្រោមការយកចិត្តទុកដាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

សេតវិមាន បានឲ្យដឹងថា ជំនួបលើកដំបូងនៅឥណ្ឌូណេស៉ី ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានគូសបញ្ជាក់ពីការប្រឆាំងចំពោះការប្រើប្រាស់ ឬការគំរាមកំហែងដោយនុយក្លេអ៊ែរ នៅអ៊ុយក្រែន។ រីឯសេចក្តីថ្លែងការស្តីពីជំនួបនៃមេដឹកនាំទាំងពីរ របស់ក្រសួងការបរទេសចិន មិនបានប្រើពាក្យ «នុយក្លេអ៊ែរ» ទេ ប៉ុន្តែបាននិយាយថា «ជម្លោះនិងសង្រ្គាមមិនបង្កើតឲ្យមានអ្នកឈ្នះឡើយ ហើយការប្រឈមមុខដាក់គ្នារវាងប្រទេសធំៗ ជារឿងដែលត្រូវតែជៀសវាង»។

ថ្លែងចេញពីទីក្រុងខឺសុន លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា « វាជារឿងដ៏សំខាន់ដែលសហរដ្ឋអាមេរិក និងចិន បានគូសបញ្ជាក់រួមគ្នាថា ការគំរាមកំហែងនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺមិនអាចទទួលយកបាន។ ហើយគ្រប់គ្នាច្បាស់ជាយល់ថាពាក្យទាំងនេះ ចង់សំដៅដល់នរណា»។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងម្តងហើយម្តងទៀតថា រុស្ស៊ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន ដែលលោកខាងលិចហៅថាជាការគំរាមកំហែងជាក់ស្តែង លើទឹកដីដែលក្រុងមូស្គូកាត់យកពីអ៊ុយក្រែនដោយខុសច្បាប់៕