(នូសា ឌូអា, ឥណ្ឌូណេស៊ី)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាវីដេអូមួយទៅកាន់កិច្ចប្រជុំកំពូល G20 នៅថ្ងៃអង្គារនេះថា បច្ចុប្បន្ន គឺជាពេលត្រូវបិទបញ្ចប់សង្រ្គាមដ៏បំផ្លិចបំផ្លាញរបស់រុស្ស៉ី ដើម្បីសង្រ្គោះអាយុជីវិតមនុស្សរាប់ពាន់នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថាវីដេអូមួយដែល AFP ទទួលបាន លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់ថាបច្ចុប្បន្ន គឺជាពេលដែល សង្រ្គាមដ៏បំផ្លិចបំផ្លាញរបស់រុស្ស៉ី ត្រូវតែ និងអាចបញ្ឈប់បាន...ដើម្បីជួយសង្រ្គោះអាយុជីវិតមនុស្សរាប់ពាន់នាក់»។ បន្ថែមពីលើនេះ លោក ហ្សេលេនស្គី ក៏បានថ្កោលទោស ការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរពីសំណាក់រុស្ស៉ីផងដែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក ពូទីន មិនបានចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នោះទេ ដោយខាងវិមានក្រឹមឡាំងអះអាងថាអវត្តមានរបស់លោក គឺដោយសារតែ កាលវិភាគមមាញឹកពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែន ហើយរដ្ឋមន្ត្រីការបរទេស លោក សឺហ្គៃ ឡាវរ៉ូវជាអ្នកដឹកនាំគណៈប្រតិភូរុស្ស៉ីចូលរួមជំនួស៕