(នូសា ឌូអា, ឥណ្ឌូណេស៊ី)៖ សារព័ត៌មាន Financial Times នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកានេះបានរាយការណ៍ថាបណ្ដាប្រទេសជាសមាជិក G20 ភាគច្រើន បានថ្កោលទោស សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ហើយនឹងបញ្ជាក់ថាសព្វថ្ងៃ មិនមែនជាយុគសម័យធ្វើសង្រ្គាមនោះទេ។

Financial Times ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើសេចក្ដីព្រាងនៃសេចក្ដីថ្លែងការណ៍មួយរបស់ G20 និងមន្ត្រីទូត ២រូប។ បើតាមសេចក្ដីព្រាងនៃ សេចក្ដីថ្លែងការណ៍នេះ បណ្ដាប្រទេសជាសមាជិក G20 ភាគច្រើនបានថ្កោលទោសសង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន ជាមួយការសង្កត់ធ្ងន់ថាសង្រ្គាមនេះ បានបង្កការឈឺចាប់ដល់មនុស្សជាតិយ៉ាងធំសម្បើម និងបង្កការខូចខាតបន្ថែមដល់សេដ្ឋកិច្ចសកលដែលកំពុងមានភាពផុយស្រួយស្រាប់។

សេចក្ដីព្រាងនៃសេចក្ដីថ្លែងការណ៍ដដែល ក៏បានចាត់ទុកផងដែរថា ការប្រើប្រាស់ ឬការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរជារឿងមិនអាចទទួលយកបាន ហើយថាសព្វថ្ងៃ មិនមែនជាយុគសម័យធ្វើសង្រ្គាមនោះទេ ខណៈដំណោះស្រាយសន្តិភាព កិច្ចចរចា និងកិច្ចសន្ទនាតាមផ្លូវការទូតជារឿងចាំបាច់បំផុត។ សេចក្ដីព្រាងនៃសេចក្ដីថ្លែងការណ៍ ត្រូវបានព្រមព្រៀង ដោយក្រុមប្រតិភូនៃប្រទេសជាសមាជិក G20 ភាគច្រើន កាលពីយប់ថ្ងៃចន្ទសប្ដាហ៍នេះ តែនៅត្រូវរង់ចាំការចុះហត្ថលេខាពីមេដឹកនាំ G20 នៅក្នុងកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ដែលបានចាប់ផ្ដើមនៅថ្ងៃអង្គារនេះ៕