(យូអិន)៖ មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទសប្ដាហ៍នេះបានអនុម័តដំណោះស្រាយមួយ ដែលអំពាវនាវឱ្យរុស្ស៉ីសងថ្លៃខូចខាត សម្រាប់ការបំផ្លិចបំផ្លាញ និងការបាត់បង់អាយុជីវិតមនុស្ស អំឡុងសង្រ្គាមឈ្លានពានរបស់ខ្លួនប្រឆាំងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ដំណោះស្រាយខាងលើ ដែលត្រូវបានអនុម័តនៅថ្ងៃចន្ទសប្ដាហ៍នេះ ទទួលបានការគាំទ្រពីប្រទេសចំនួន ៩៤ នៅក្នុងចំណោមប្រទេសជាសមាជិក UN ១៩៣ប្រទេស ហើយដំណោះស្រាយនេះ ក៏បានសង្កត់ធ្ងន់ដែរថារុស្ស៉ីដែលបានឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ រាល់សកម្មភាពបំពានច្បាប់ អន្តរជាតិ ក្នុងនោះរួមមានទាំងការសងថ្លៃខូចខាតសម្រាប់ស្លាប់ និងអ្នករងរបួស ព្រមទាំងការបំផិ្លចបំផ្លាញនានាដែលបង្កឡើយដោយសកម្មភាពឈ្លានពានរបស់ខ្លួន។

គួរបញ្ជាក់ថា ប្រទេសចំនួន១៤ បានបោះឆ្នោតប្រឆាំងជំទាស់នឹងដំណោះស្រាយខាងលើ រួមមានរុស្ស៉ី ចិន និងអ៉ីរ៉ង់ជាដើម ខណៈប្រទេសចំនួន ៧៣ បានបោះឆ្នោត អនុបវាទ ក្នុងនោះរួមមានប្រេស៊ីល ឥណ្ឌា និងអាហ្វ្រិកខាងត្បូង។ នេះគឺជាកម្រិតគាំទ្រទាបបំផុតនៅក្នុងចំណោមដំណោះស្រាយចំនួន៥ ពាក់ព័ន្ធនឹងអ៊ុយក្រែនដែល ត្រូវបានអនុម័តដោយមហាសន្និបាត UN ចាប់តាំងពីរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ មួយវិញទៀត ដំណោះស្រាយដដែលក៏បានទទួល ស្គាល់ដែរលើភាពចាំបាច់នៃការបង្កើតយន្ដការណ៍ជាលក្ខណៈអន្តរជាតិ ដើម្បីជួសជុលការខូចខាតឡើងវិញរួមទាំងមានការបាត់បង់អាយុជីវិត រងរបួស និងការបំផ្លិចបំផ្លាញ៕