(នូសា ឌូអា, ឥណ្ឌូណេស៊ី)៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានប្រាប់សមាជិក G20 ទាំងអស់ ត្រូវតែប្រឹងប្រែងបិទបញ្ចប់សង្គ្រាម ដែលទំនងជាចង់សំដៅលើការឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក វីដូដូ ធ្វើការកត់សម្គាល់ខាងលើ នាឱកាសថ្លែងសុន្ទរកថាប្រកាសបើកកិច្ចប្រជុំកំពូល G20 ជាផ្លូវការនៅលើកោះបាលី នៅថ្ងៃអង្គារនេះ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «ការមានទំនួលខុសត្រូវ មានន័យថាការបង្កើតស្ថានភាពមួយដែលគ្មានភាគីម្ខាងឈ្នះ ហើយភាគីម្ខាងទៀត ទទួលការខាតបង់។ ការមានទំនួលខុសត្រូវនៅទីនេះ ក៏មានន័យដែរថាយើងត្រូវតែបិទបញ្ចប់សង្រ្គាម»។ លោក វីដូដូបន្ថែមទៀតថា «ប្រសិនបើសង្រ្គាមមិនបញ្ចប់ទេ នោះវានឹងធ្វើឱ្យពិភពលោកជួបផលលំបាកក្នុងការរីកចម្រើនទៅមុខ»

គួរបញ្ជាក់ថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មិនបានមកចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីឡើយ ប៉ុន្តែសង្រ្គាមឈ្លានពានរបស់ លោកនៅអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងក្លាយជាប្រធានបទក្ដៅមួយនៅក្នុងកិច្ចប្រជុំកំពូលនេះ៕