(ប៉ាលី)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃចន្ទ (១៤ វិច្ឆិកា) បានប្រាប់សមភាគីចិន លោក ស៊ីន ជិនពីង ថា ពួកគេទាំងពីរមានទំនួលខុសត្រូវ ក្នុងការទប់ស្កាត់ការប្រជែងដែលអាចប្រែក្លាយទៅជាជម្លោះ នៅក្នុងកិច្ចពិភាក្សាដ៏កកម្ររមួយ ដែលមានគោលបំណងធ្វើឱ្យទំនាក់ទំនងរវាង ប្រទេសមហាអំណាចទាំងពីរល្អប្រសើបន្តិចឡើងវិញ ក្រោយបានជួបប្រទះទំនាក់ទំនងដ៏អាក្រក់បំផុតមួយក្នុងរយៈពេលចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

មុនពេលកិច្ចពិភាក្សាផ្ទាល់លើកដំបូងរបស់ពួកគេ ចាប់តាំងពីលោក បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតី មេដឹកនាំទាំងពីរបានញញឹម និងចាប់ដៃគ្នាយ៉ាងកក់ក្តៅ នៅចំពោះមុខទង់ជាតិរបស់ពួកគេ នៅឯសណ្ឋាគារប្រណីតមួយនៅលើកោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី មួយថ្ងៃមុនពេលកិច្ចប្រជុំកំពូលក្រុម G20 ដែលនឹងប្រព្រឹត្តទៅ ពោរពេញដោយភាពតានតឹងជុំវិញការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអាមេរិក និងសមភាគីចិនបានព្រមព្រៀងគ្នាថា អាវុធនុយក្លេអ៊ែរមិនគួរត្រូវបានប្រើប្រាស់ទេ រួមទាំងនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។

សេតវិមានបានបន្តថា «ប្រធានាធិបតី បៃដិន និងប្រធានាធិបតី ស៊ី បានបញ្ជាក់ឡើងវិញនូវកិច្ចព្រមព្រៀងរបស់ពួកគេថា សង្រ្គាមនុយក្លេអ៊ែរមិនគួរត្រូវឲ្យកើតឡើងបានទេ ហើយបានអះអាងឡើងវិញនូវការប្រឆាំងរបស់ពួកគេ ចំពោះការប្រើប្រាស់ ឬការគំរាមកំហែងនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនផងដែរ»៕