(ប៉ាលី)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក​ ស៊ី ជីនពីង បានបើកកិច្ចប្រជុំកំពូលរបស់ពួកគេ ជាមួយនឹងការចាប់ដៃគ្នាដោយស្នាមញញឹម​ ខណៈមេដឹកនាំទាំងបានសង្កត់ធ្ងន់លើតម្រូវការក្នុងការគ្រប់គ្រងចំណុចខ្វែងគ្នា និងជៀសវាងជម្លោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័តឱមាន AFP នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ស៊ី បានមានប្រសាសន៍ថា «ពិភពលោកបានមកដល់ផ្លូវបំបែក»។ ទន្ទឹមគ្នានោះ លោកបានប្តេជ្ញាថានឹងពិភាក្សា «ដោយស្មោះត្រង់» អំពីបញ្ហាដែលបាននាំឱ្យមានការបែកបាក់ ទំនាក់ទំនងរវាងមហាអំណាចទាំងពីររបស់ពិភពលោក។

លោកបានបន្តថា «ពិភពលោករំពឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិកនឹងរៀបចំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យបានត្រឹមត្រូវ»

ចំណែកឯលោក បៃដិន បានស្វាគមន៍លោក ស៊ី ដោយស្នាមញញឹម និងបានបញ្ជាក់ថាលោកចង់ឱ្យសហរដ្ឋអាមេរិក និងចិនគ្រប់គ្រងចំណុចខ្វែងគ្នា និងទប់ស្កាត់ការប្រកួតប្រជែងមិនឱ្យក្លាយជាជម្លោះ។

គួរបញ្ជាក់ថា កិច្ចប្រជុំ G20 ឆ្នាំ២០២២នេះ នឹងធ្វើឡើងនៅថ្ងៃទី១៥-១៦ វិច្ឆិកា ជាពេលដែលបណ្តាមេដឹកនាំជាសមាជិក នឹងជួបប្រជុំគ្នាដើម្បីពិភាក្សា អំពីការរក្សាស្ថិរភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ របស់សកលលោក។ សមាជិក G20 រួមមានសហភាពអឺរ៉ុប (EU) និងប្រទេស១៩ទៀតដូចជា អាហ្សង់ទីន អូស្ត្រាលី ប្រេស៉ីល កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៉ី អ៉ីតាលី ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៉ិក រុស្ស៉ី អារ៉ាប៊ីសាអូឌីត អាហ្វ្រិកខាងត្បូង តួកគី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕